អគ្គលេខាធិការអាស៊ានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស

04-02-2026 20:11

(ហ្សាការតា-ឥណ្ឌូណេស៊ី)៖ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យ Warwick នៃចក្រភពអង់គ្លេស និង ស្ថានបេសកកម្មចក្រភពអង់គ្លេសប្រចាំអាស៊ាន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹង្ឲដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច Warwick ឆ្នាំ២០២៦ និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេសពីថ្ងៃទី ៦ ដល់ ១១ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារនេះ លោកអគ្គលេខាធិការអាស៊ាន គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងមកពីវិស័យឯកជន និងផែ្នកសិក្សាធិការ ជាដើម។
ស្របពេលជាមួយខួបអនុស្សាវរីយ៍៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អង់គ្លេស នៅឆ្នាំនេះ ទស្សនកិច្ចនេះមានគោលបំណងជំរុញទំនាក់ទំនងអាស៊ាន-អង់គ្លេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការនៅទូទាំងសសរស្តម្ភសន្តិសុខនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

ទន្ទឹមគ្នានេះ លោកបណ្ឌិត កៅ គឹមហួន នឹងផ្តល់សន្ទរកថាគន្លឹះ នៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច Warwick ឆ្នាំ២០២៦ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍ដែលមានចក្ខុវិស័យ គោលបំណង និងក្តីសង្ឃឹម / ASEAN: A Community with Vision, Purpose and Promise»។
បន្ថែមពីនេះ លោកអគ្គលេខាធិការអាស៊ានក៏នឹងធ្វើបាឋកថា នៅមហាវិទ្យាល័យសិក្សាពីបូព៌ាប្រទេស និងអាហ្វ្រិក នៃសាកលវិទ្យាល័យទីក្រុងឡុងដ៏ (SOAS University of London) ព្រមទាំងមានកិច្ចសន្ទនានៅវិទ្យាស្ថានសិក្សាវិភាគស្រាវជ្រាវឯករាជ្យ Asia House ផងដែរ៕