Fresh News ទទួលបណ្ណសរសើរពីក្រសួងទេសចរណ៍ ដែលបានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅកម្ពុជា
04-02-2026 20:35
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្តល់បណ្ណសរសើរដល់បណ្តាញព័ត៌មាន Fresh News ដែលបានចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ការប្រគល់បណ្ណសរសើរនេះ បានធ្វើឡើងក្នុងឱកាសនៃពិធីសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងបរិយាកាសនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គភាពព័ត៌មាន Fresh News ចំពោះការលះបង់កម្លាំងកាយចិត្ត និងចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ក្នុងគោលដៅទាក់ទាញទេសចរពីគ្រប់ទិសទី ដែលជាការបម្រើប្រយោជន៍សាធារណៈ និងជាតិមាតុភូមិ៕

















