ជំនួបពិភាក្សារវាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងអនុប្រធានវិទ្យុសំឡេងវៀតណាម ផ្តោតសំខាន់លេីការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យា
04-02-2026 20:47
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យុសំឡេងវៀតណាម (VoV) ដឹកនាំដោយលោក Vu Hai Quang អនុប្រធាន VOV នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្នុងកិច្ចពិភាក្សាផ្តោតជាសំខាន់ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា តាមរយៈការធ្វើទំនើបកម្មនៃការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ឱ្យស្របតាមយុគសម័យឌីជីថល នាពេលបច្ចុប្បន្ននេះ។
គម្រោងនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របពេលដែលក្រសួងព័ត៌មាន បានធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ ព្រោះត្រូវធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ ពីអានណាឡូក ទៅប្រព័ន្ធឌីជីថល ព្រមជាមួយការពង្រឹងប្រព័ន្ធផ្សព្វផ្សាយទាំងវិទ្យុ ទូរទស្សន៍ និង អនឡាញ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និងវិទ្យុសំឡេងវៀតណាម VOV នាពេលកន្លងមក ហើយសង្ឃឹមថាទៅឆ្នាំបន្តបន្ទាប់ទៀតយើងរួមគ្នាអនុវត្តន៍កិច្ចការងារស្របតាមគម្រោងផែនការច្បាស់លាស់ប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។
លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម (VOV) ដែលបានផ្តល់នូវម៉ាសុីនផ្សាយវិទ្យុ FM ជាច្រើនគ្រឿង ហើយបាននាំនូវមន្ត្រីបច្ចេកទេសមកជួយរៀបចំ តម្លើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងបណ្តាខេត្តនៅកម្ពុជា បានរួចរាល់សម្រាប់ធ្វើការផ្សាយបានដោយរលូន។ ជាមួយនេះដែរ ក៏សូមអរគុណដែលបានផ្តល់ជូននូវ រថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម VOV ដល់ក្រសួងព័ត៌មាន ហើយរថយន្តផ្សាយចល័តនេះ នឹងត្រូវយកទៅថតផ្សាយផ្ទាល់ ពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោក តូ ឡឹម (Tô Lâm) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់ភាគីវៀតណាម បន្តជួយបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអភិវឌ្ឍធនធានមនុស្សផ្នែកសារព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធការងារមួយចំនួន ពិសេសជួយបណ្តុះបណ្តាលមន្ត្រីផ្នែកបច្ចេកទេស សម្រាប់ធ្វើការទ្រទ្រង់ដល់ក្រសួងព័ត៌មាន លើផ្នែកបច្ចេកទេស វិទ្យុ ទូរទស្សន៍ និងផ្នែកផ្សេងៗទៀត។
លោករដ្ឋមន្ត្រី បានជម្រាបជូនពីការជំរុញដល់ មន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងការរៀបចំវិទ្យុបណ្តាញ ដើម្បីផ្សព្វផ្សាយផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋឱ្យទទួលបានព័ត៌មានពិត ច្បាស់លាស់ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ អ្នកជំនាញមកពីវិស័យនានា ជុំវិញដំណើរអភិវឌ្ឍន៍របស់កម្ពុជា។ បច្ចុប្បន្ននេះ វិទ្យុបណ្តាញ បានរៀបចំ និងធ្វើការផ្សាយបានចំនួន ៥ខេត្តរួចមកហើយ។ ទន្ទឹមជាមួយគ្នានេះសម្រាប់ម៉ោងនៃការផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា គឺបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍នៅមន្ទីរព័ត៌មាន តាមបណ្តាខេត្ត រាជធានី ក៏ត្រូវកាច់ផ្សាយបន្តឱ្យដូចគ្នាទាំងអស់ផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន ពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់ តាមរយៈការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ។
អនុប្រធានវិទ្យុសំឡេងវៀតណាម បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងងកិច្ចសហការល្អរវាងវិទ្យុ VOV និងក្រសួងព័ត៌មាន ហើយកិច្ចសហប្រតិបត្តិការនេះគឺជាទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ ជាមួយនេះ VOV ត្រៀមខ្លួន ជាស្រេចក្នុងការផ្លាស់ប្តូរ អ្នកជំនាញបច្ចេកទេសជាមួយកម្ពុជា ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទំនើប។
លោក Vu Hai Quang បង្ហាញនូវជំនឿជឿជាក់ថា ទំនាក់ទំនងជិតស្និតរវាងវិទ្យុសំឡេងវៀតណាម VOV និងក្រសួងព័ត៌មាននឹងបន្តអភិវឌ្ឍន៍ និងបន្តរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជិតស្និទ្ធដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា៕




















