សាលាអនុគណស្រុកសំបូរ រៀបចំផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣
04-02-2026 21:23
(ក្រចេះ)៖ នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សាលាអនុគណស្រុកសំបូរ បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅទូទាំងស្រុកសំបូររបស់សាលាអនុគណស្រុកសំបូរ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះញាណសារណវេទី លឹម ប៊ុនថុន ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យមេធា ព្រះបាឡាត់គណខេត្តក្រចេះ តំណាងព្រះមេគណខេត្តក្រចេះ លោក ស៊ូ សែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ និងលោក គង់ មេត្តា អភិបាល នៃគណៈអភិបាលស្រុកសំបូរ។ ពិធីក៏មានការនិមន្តចូលរួមពីសំណាក់ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ និងមានការនិមន្ត និងអញ្ជើញចូលរួមពីសហការីមន្ត្រីសង្ឃសាលាគណខេត្តក្រចេះ មន្ត្រីសង្ឃ ព្រះចៅអធិការ ភិក្ខុ សាមណេរ សមណសិស្ស-សិស្ស លោកអាចារ្យ គណៈកម្មការទាំង២៧វត្ត នៃសាលាអនុគណស្រុកសំបូរ។
ព្រះញាណសារណវេទី លឹម ប៊ុនថុន ព្រះវិន័យមេធា ព្រះបាឡាត់គណខេត្ត បានមានសង្ឃដីកាក្រើនរំលឹកដលើមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ក្នុងស្រុកសំបូរ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចប្រតិបត្តិធម៌វិន័យរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាជំហរដ៏រឹងមាំក្នុងភាពជាអ្នកគោរពប្រតិបត្តិពុទ្ធសាសនា-ពង្រឹងការដឹកនាំ ប្រកបដោយគុណភាពនិងប្រសិទ្ធ គប្បីបើកវគ្គខ្លីបណ្តុះបណ្តាលបព្វជិតជាបេក្ខសមណៈ ដែលត្រូវបានជ្រើសរើសជាគណៈសង្ឃវត្ត អំពីភាពជាអ្នកដឹកនាំការគ្រប់គ្រង វិន័យសីលធម៌ របៀបស្វាធ្យាយព្រះធម៌ កិច្ចវត្ត របៀបនៃការគោរពព្រះមហាថេរៈ ចតុប្បារិសុទ្ធិសីល និងអភិសមាចារ ឱ្យស័ក្តិសមជាសមណៈសក្យបុត្ដិយ៍-សហការជាមួយក្រសួងធម្មការនិងសាសនា បន្តពង្រឹង និងលើកកម្ពស់ វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃពុទ្ធសាសនាថេរវាទកម្ពុជា ជៀសវាងការឆកល្វែងនិងធ្វេសប្រហែសក្នុងការពន្លឿន លើដំណើរការអភិវឌ្ឍពុទ្ធិកបឋមសិក្សា ដែលជាមូលដ្ឋានដ៏រឹងមាំ នៃចំណេះដឹង។
ព្រះសិរីសម្ភារ៍បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ បានឱ្យដឹងថា បច្ចុប្បន្នស្រុកសំបូរមានវត្តអារាមសរុប ២៧វត្ត និងព្រះសង្ឃសរុប ២១៥អង្គ អាចារ្យសរុប ៨៦នាក់ និងគណៈកម្មការសរុប១៩នាក់។
ដោយមានការយកចិត្តទុកដាក់របស់មន្ទីរធម្មការ និងសាសនាខេត្ត បច្ចុប្បន្នស្រុកសំបូរ មានសាលាពុទ្ធិកបឋមសិក្សាចំនួន ១កន្លែង គឺកម្រងសាលាពុទ្ធិកបឋមសិក្សាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ ស្ថិតក្នុងវត្តព្រះវិហាធំរសសរ១០០ ភូមិសំបូរ ស្រុកសំបូរ ខេត្តក្រចេះ មានចំនួន ៣ថ្នាក់ (ឆ្នាំទី១-៣) មានសមណសិស្សចំនួន ១០០អង្គ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ មាននាយកកម្រង ១អង្គ នាយករង ១អង្គ គ្រូជាប់កិច្ចសន្យាចំនួន ៣អង្គ គ្រូស្ម័គ្រចិត្តចំនួន២អង្គ៕





















































