ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាល

04-02-2026 21:53

(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកពញាឮ និងស្រុកមុខកំពូលខេត្តកណ្តាល សរុបចំនួន ១៩៥នាក់ នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៦។

លោក ម៉ម ប៊ុននាង ប្រធានក្រុម បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកបំផុត និងបានជម្រាបជូនអំពីគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើបទបង្ហាញអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ទាក់ទងនឹងវិវាទគ្រួសារ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងាររបស់ព្រឹទ្ធសភាក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។

ជាកិច្ចបន្ត លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជម្រាបជូនបន្ថែមអំពីការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងតាមប្រព័ន្ធអនឡាញ ដោយជំរុញឱ្យអាជ្ញាធរស្រុក ឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ រួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាទាក់ទាញវិនិយោគិនពីបរទេស និងកេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោក ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានជម្រាបជូនអង្គពិធីអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងតាមប្រព័ន្ធអនឡាញ និងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកអនុប្រធាន បានក្រើនរំលឹក និងលើកទឹកចិត្តឱ្យអាជ្ញាធរទាំងអស់ត្រូវសហការគ្នា ធ្វើយ៉ាងណាក្តាប់ឱ្យបានចំពោះមនុស្សចំណូលថ្មីជាពិសេសជនបរទេស ដែលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលអាជ្ញាធរទូទាំងប្រទេសបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅបង្រ្កាបមុខសញ្ញាក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់ឬសគល់ និងបានទាន់ពេលវេលា។

លោក បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានចុះទៅតាមដាន និងពិនិត្យដោយផ្ទាល់នៅតាមគោលដៅជាប្រចាំ ដើម្បីរក្សាសុខសុវត្ថិភាព បរិស្ថាន និងសណ្តាប់ធ្នាក់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ទាប់មក លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានធ្វើបទបង្ហាញអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការជួយសម្របសម្រួលទាក់ទងនឹងវិវាទក្នុងគ្រួសារ ក្នុងគោលបំណងពង្រឹងសមត្ថភាពផ្នែកច្បាប់បន្ថែមទៀតជូនក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួននៅក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិត បានជំរុញឱ្យអាជ្ញាធរ ក្រុមប្រឹក្សាឃុំ លើកកម្ពស់សមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីបម្រើផលប្រយោជន៍ និងផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ បង្កើតជំនឿទុកចិត្តបន្ថែមទៀតពីប្រជាពលរដ្ឋ។

បន្ទាប់ពីបានពិភាក្សាគ្នារួចមក ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនថា ការធ្វើពហិការបស់ប្រជាពលរដ្ឋមិនប្រើប្រាស់ផលិតផល និងទំនិញថៃនេះ បានលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ដោយប្រជាពលរដ្ឋបានគាំទ្រប្រើប្រាស់ទំនិញ និងផលិតផលរបស់ខ្មែរយើងកាន់តែច្រើន។

ជាមួយគ្នានេះ លោកប្រធានក្រុម បានអំពាវនាវដល់អង្គពិធីទាំងមូល និងប្រជាពលរដ្ឋគ្រប់រូបបន្តសាមគ្គីភាពគ្នា ដើម្បីក្លាយជាកម្លាំងស្មារតីសាមគ្គីជាតិជាធ្នុងមួយ គាំទ្រដល់វីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ជាពិសេស សូមអំពាវនាវឱ្យកម្លាំងមហាសាមគ្គីភាពនេះ បន្តគាំទ្ររាជរដ្ឋាភិបាល ដែលកំពុងប្រយុទ្ធតាមរយៈការទូតប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ សាមគ្គីរស់! សាមគ្គីឈ្នះ!

ក្នុងឱកាសនេះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដោយក្នុងម្នាក់ៗទទួលបានអំណោយ១កញ្ចប់របស់អង្គការមូលនិធីចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរេ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ១៥,៨២២,០០០រៀល៕