កម្លាំងចម្រុះខេត្តស្ទឹងត្រែង ចុះបង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ដកហូតបានវត្ថុតាង និងឧបករណ៍កែច្នៃជាច្រើន
04-02-2026 23:11
(ស្ទឹងត្រែង)៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើ ដែលដំណើរការដោយគ្មានលិខិតអនុញ្ញាតមួយកន្លែង ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយដកហូតបានវត្ថុតាង និងឧបករណ៍ប្រើប្រាស់សម្រាប់កែច្នៃជាច្រើន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពី កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង កម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលរមាស ស្ថិតនៅចំណុចនិយាមការ (663681-1478636) ក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកម្លាំងចុះទៅដល់ទីតាំងកើតហេតុ ម្ចាស់សិប្បកម្មមិនមានវត្តមាននៅទីនោះឡើយ ដោយបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាង និងឧបករណ៍សម្រាប់កែច្នៃជាច្រើននៅនឹងកន្លែង។
វត្ថុតាងដែលត្រូវបានដកហូតក្នុងប្រតិបត្តិការនេះរួមមាន៖ ឈើអារប្រភេទលេខ១ (ផ្ចឹក ឈ្លីក)៖ ចំនួន ១៧៧ ដុំ/សន្លឹក និងគ្រាក់ឈ្លីកប្រវែង ១ ម៉ែត្រ ចំនួន ៣៥ ដុំ តុកឈូសឈើ ០១ គ្រឿង, ម៉ាស៊ីនភ្លើង ០១ គ្រឿង, ម៉ូទ័រឈូស ០២ គ្រឿង, ម៉ូទ័រកាត់ ០១ គ្រឿង និងម៉ូទ័រខាត់ ០៣ គ្រឿង។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញ ដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីវាស់វែងលម្អិត និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
ទន្ទឹមនឹងនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកម្ចាស់ទីតាំងមកទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។
អាជ្ញាធរបានបញ្ជាក់ថា សកម្មភាពបង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារព្រៃឈើឱ្យបានគង់វង្ស ស្របតាមគោលការណ៍ច្បាប់។
ដោយឡែក នៅឯស្រុកថាឡាបរិវ៉ាត់នោះវិញ នៅថ្ងៃទី៤កុម្ភៈនេះដែរ អាជ្ញាធរស្រុកបានរកឃើញឈើសម្រាប់ធ្វើទូក«ង»៤ដើម ដែលគេបានកាប់ និងដឹកជញ្ជូនយកមកផ្លុងចោលក្នុងព្រៃមួយកន្លែងក្នុងដែនដីស្រុក។
ស្របពេលជាមួយគ្នានោះ លោក សាយ កុសល អភិបាលស្រុក បានប្រកាសស្វែងរកម្ចាស់ឈើគគីទូក«ង »ទាំង ៤ដើមនោះ ដើម្បីឲ្យចូលមកដាក់ពាក្យស្នើសុំ និងធ្វើលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវតាមច្បាប់ ហើយអាចយកឈើទាំង ៤ដើមនោះ វិលត្រឡប់ទៅវិញ សម្រាប់នាំយកទៅធ្វើទូក«ង»ស្របតាមច្បាប់អនុញ្ញាត ចៀសវាងការយល់ច្រឡំ និងមានបញ្ហានៅពេលក្រោយ។
ឈើសម្រាប់ធ្វើទូកងទាំង៤ដើម ត្រូវគេសង្ស័យថា ឈ្មួញបានកាប់រួចដឹកយកទៅទម្លាក់ទុកចោលលើ ២ទីតាំង គឺ នៅក្នុងព្រៃជិតវាលស្រែ និងនៅមាត់ទន្លេជិតស្ពានមេគង្គ ត្រើយខាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក សាយ កុសល បានបញ្ជាក់ថា ក្នុងនាម អភិបាលស្រុក លោកគាំទ្រ និងសហការជានិច្ច ចំពោះការធ្វើទូកង ដែលជាមរតកវប្បធម៌របស់ជាតិ។ ប៉ុន្តែ ការអនុវត្តត្រូវធ្វើឡើងដោយគោរពច្បាប់ និងបទបញ្ជាឲ្យបានត្រឹមត្រូវ៕




























