ឧបការីរងនៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI៖ ចំណាត់ការ និងលទ្ធផលរបស់ គ.ប.ឆ.ប. បង្ហាញថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ

05-02-2026 08:07

(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Scott Schelble ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ហើយជំនួបក្នុងថ្ងៃនេះជាឱកាសដើម្បីចែករំលែក និងផ្លាស់ប្តូរទស្សនៈក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាពខ្ពស់។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមយន្តការរបស់ គ.ប.ឆ.ប. ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធាន បានបង្ហាញលទ្ធផលជាផ្លែផ្កា ទោះបីកម្ពុជាប្រឈមនឹងសង្រ្គាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដោយ។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរក្នុងការប្រយុទ្ធប្រឆាំង និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ចេញនូវវិធានការជំនាញ និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ តាមរយៈយន្តការ គ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ជាលក្ខណៈទ្វេភាគី ឬពហុភាគី ដើម្បី ស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុ របស់បណ្តាញឧក្រិដ្ឋជន។

ជាកិច្ចឆ្លើយតប លោកឧបការីរង Scott Schelble បានថ្លែងកោតសរសើរ និងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំង Online Scams ចេញជាលទ្ធផលជាក់ស្តែងជាច្រើនក្រោមយន្តការ គ.ប.ឆ.ប.។

លោកឧបការីរងបានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកល និងស្មុគស្មាញ ដោយប្រទេសជាច្រើនជួបប្រទះបញ្ហានេះ ពោលមិនមែនកម្ពុជាតែមួយទេ។

លោកឧបការីរង បានសង្កត់ធ្ងន់ថា ចំណាត់ការ និងលទ្ធផលរបស់ គ.ប.ឆ.ប. បង្ហាញថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ។

លោកក៏បានគូសបញ្ជាក់បន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកនេះតម្រូវឱ្យមានដៃគូនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគី។ ក្នុងន័យនេះ លោកឧបការីរងបានបង្ហាញនូវឆន្ទៈច្បាស់លាស់ ក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង FBI និង គ.ប.ឆ.ប.។

មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធជំហានបន្ទាប់ក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាង គ.ប.ឆ.ប. និង FBI រួមទាំងការកសាងសមត្ថភាព ក្នុងភាពជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕