មន្ត្រី៖ ឆ្នាំនេះក្រសួងវប្បធម៌អាចអនុវត្តសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស ដើម្បីសម្រួលដល់ការទទួលបាននូវការបោះពុម្ពស្នាដៃសម្រាប់ជនមានពិការភាពភ្នែក
05-02-2026 11:51
(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ក្នុងឆ្នាំ២០២៦នេះ ក្រសួងអាចឈានទៅដល់ការដាក់ឱ្យអនុវត្តរួមមានច្បាប់ចូលជាភាគីនៃសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស ដើម្បីសម្រួលដល់ការទទួលបាននូវការបោះពុម្ពស្នាដៃសម្រាប់ជនមានពិការភាពភ្នែក ជនមានវិកលសម្បទា គំហើញ ឬជនមានពិការភាពប្រើប្រាស់អក្សរប្រៃយ៍ដទៃទៀត។
លោកបានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស (Marrakesh Treaty) ឆ្នាំ២០១៣ គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលគ្រប់គ្រងដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដើម្បីសម្រួលដល់ការទទួលបានស្នាដៃបោះពុម្ពផ្សាយសម្រាប់ជនពិការភ្នែក ជនបាត់បង់សមត្ថភាពចក្ខុវិស័យ ឬពិការភាពក្នុងការអានសៀវភៅធម្មតា។ សន្ធិសញ្ញានេះអនុញ្ញាតឱ្យបង្កើត និងចែករំលែកសៀវភៅជាទម្រង់ពិសេស (ដូចជាអក្សរ Braille, សំឡេង) ដោយលើកលែងសិទ្ធិអ្នកនិពន្ធ ដើម្បីលើកកម្ពស់សិទ្ធិ និងការអប់រំ។
លោក ហាប់ ទូច បានឲ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ ក្រសួងមានច្បាប់និងបទដ្ឋានគតិយុត្តចំនួន៥ ដែលអាចឈានទៅដល់ការដាក់ឱ្យអនុវត្តរួមមានច្បាប់ចូលជាភាគីនៃសន្ធិសញ្ញាទីក្រុងម៉ារ៉ាកេស ដើម្បីសម្រួលដល់ការទទួលបាននូវការបោះពុម្ពស្នាដៃសម្រាប់ជនមានពិការភាពភ្នែក ជនមានវិកលសម្បទា គំហើញ ឬជនមានពិការភាពប្រើប្រាស់អក្សរប្រៃយ៍ដទៃទៀត, អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋានគណៈកម្មការជាតិយូណេស្កូកម្ពុជា, ប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកបានបន្ថែមថា ក្នុងក្របខ័ណ្ឌការងារនីតិកម្មពីឆ្នាំ២០២៤-២០២៧ ក្រសួងមានច្បាប់បទដ្ឋានគតិយុត្ត និងឯកសារគាំទ្រ ដែលត្រូវធ្វើវិសោធនកម្មកែសម្រួលនិងរៀបចំថ្មីសរុបចំនួន ៤១ ក្នុងនោះ បទដ្ឋានគតិយុត្តនិងឯកសារគាំទ្រដែលបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៤ មានចំនួន១០ និងក្នុងឆ្នាំ២០២៥ មានចំនួន៣ រួមមាន ព្រះរាជ-ក្រឹត្យស្តីពីការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព, សេចក្តីណែនាំស្តីពីការដាក់ឱ្យអនុវត្តនីតិវិធីនៃការផ្តល់សេវាចូលទស្សនាសារមន្ទីរខេត្តបាត់ដំបង, និងសេចក្តីណែនាំស្តីពីការតែងនិពន្ធខ្លឹមសារចម្រៀង ការច្រៀង និងសិល្បៈកម្សាន្តនានាដែលមានអត្ថន័យប្រាសចាកពីក្រមសីលធម៌និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរក្នុងសង្គម៕









