យានយន្តជាង ៥២ម៉ឺនគ្រឿង បានចុះបញ្ជីក្នុងឆ្នាំ២០២៥ ក្នុងនោះយានយន្តដើរដោយថាមពលអគ្គិសនី (EV) ៧ ៩៧១គ្រឿង
05-02-2026 12:13
(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៥ កន្លងទៅនេះក្រសួងសាធារណការ បានចុះបញ្ជីយានយន្តចំនួន ៥២២ ៤៥៥គ្រឿង ដែលមានម៉ូតូ ៤២៩ ៣៥៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩៣ ១០២គ្រឿង ដោយក្នុងនោះបានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៧ ៩៧១គ្រឿង។
នេះបើយោងតាមរបាយការណ៍នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួង សាធារណការ និងដឹកជញ្ជូន ប្រមាណ ៥០០នាក់។
នៅក្នុងរបាយការណ៍នេះបានបញ្ជាក់ឱ្យដឹងថា ឆ្នាំ២០២៥ ក្រសួងសាធារណការ បានចុះបញ្ជីយានយន្តចំនួន ៥២២ ៤៥៥គ្រឿង (ម៉ូតូ ៤២៩ ៣៥៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩៣ ១០២គ្រឿង), បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៧ ៩៧១គ្រឿង។ ចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ចំនួន ៥៦ ៣៨១គ្រឿង និងទទួលបានចំណូលសរុបប្រមាណ ១១៧ ៤២៤លានរៀល ដោយក្នុងនោះរថយន្តបំពាក់ផ្លាកលេខពិសេស ៣៨ ១៦៧គ្រឿង និងពិសេសផ្ទាល់ខ្លួន ១៨ ២១៤គ្រឿង (ម៉ូតូ ៨ ៣០៨គ្រឿង និងរថយន្ត ៩ ៩០៦គ្រឿង)។
របាយការណ៍បន្តថា នៅឆ្នាំ២០២៥ ក្រសួងបានចេញបណ្ណបើកបរចំនួន ១២៥ ៧៩៧បណ្ណ (ម៉ូតូ ១៤ ០៧៤បណ្ណ និងរថយន្ត ១១១ ៧២៣បណ្ណ), បានចេញលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញក្នុងប្រទេស ៧១ ៧១១គ្រឿង, បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ចៀក) ចំនួន ៤៦០ ៤១៤គ្រឿង, បានត្រួតពិនិត្យរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន ៣ ០៩៧ ១៣៧គ្រឿង ក្នុងនោះរថយន្តរង ការផាកពិន័យមានចំនួន ១ ២៩០គ្រឿង បានត្រួតពិនិត្យយានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេស សរុបចំនួន ៤១ ៦៤៣គ្រឿង ក្នុងនោះយានយន្តមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស មានចំនួន ៨ ៤៩១គ្រឿង (ស្មើនឹង ២០,៣៩% នៃចំនួនត្រួតពិនិត្យសរុប)៕






