ក្រសួងសាធារណការ រកចំណូលបានជិត ១២លានដុល្លារ ពីការលក់លេខចុះបញ្ជីយានយន្ត និងការចុះបញ្ជីយានយន្ត និងជលយាន ក្នុងឆ្នាំ២០២៥
05-02-2026 13:04
(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៥ កន្លងទៅនេះក្រសួងសាធារណការ និងដឹកជញ្ជូន រកចំនូលពីការលក់លេខចុះបញ្ជីយានយន្ត (ផ្លាកលេខ) បានចំនួន ២៦ ៦៥៥លានរៀល និងចំនូលពីការចុះបញ្ជីយានយន្ត និងជលយានបានចំនួន ២១ ៣៤៣ លានរៀល សរុបស្មើនឹងប្រមាណ ១១.៩លានដុល្លារ។
នេះបើយោងតាមរបាយការណ៍នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួង សាធារណការ និងដឹកជញ្ជូន ប្រមាណ ៥០០នាក់។
នៅក្នុងរបាយការណ៍នេះបានបញ្ជាក់ឱ្យដឹងថា ឆ្នាំ២០២៥ ក្រសួងសាធារណការ បានចុះបញ្ជីយានយន្តចំនួន ៥២២ ៤៥៥គ្រឿង (ម៉ូតូ ៤២៩ ៣៥៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៩៣ ១០២គ្រឿង), បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ៧ ៩៧១គ្រឿង, បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងយានយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនចំនួន ៥៦ ៣៨១គ្រឿង ដោយក្នុងនោះរថយន្តបំពាក់ផ្លាកលេខពិសេស ៣៨ ១៦៧គ្រឿង និងពិសេសផ្ទាល់ខ្លួន ១៨ ២១៤គ្រឿង (ម៉ូតូ ៨ ៣០៨គ្រឿង និងរថយន្ត ៩ ៩០៦គ្រឿង)។
ខណៈដែលឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងសាធារណការ បានចុះបញ្ជីផ្លាកលេខពិសេសបានចំនួន ៣៨ ១៦៧ផ្លាក រកចំនូលបាន ៥៣ ២១៧លានរៀល និងផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ១៨ ២១៤ផ្លាក រកចំនូលបាន ៦៤ ២០៧លានរៀល រួមទាំងមានចំនូលពីការលក់លេខធម្មតា បានមួយចំនួនទៀតផងដែរ៕




