អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាពន្ធដារ ប្រចាំឆ្នាំ២០២៦ ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ឱ្យកាន់តែប្រសើរ
05-02-2026 14:58
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាពន្ធដារ ប្រចាំឆ្នាំ២០២៦ ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនឱ្យកាន់តែប្រសើរ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធប្រមូលចំណូលជូនជាតិ។
វេទិកានេះ រៀបចំឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអគារថ្មីរបស់អគ្គនាយកដ្ឋានពន្ធ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងរដ្ឋមន្រ្តីពីក្រសួងដែនដី នគរូបនីយកម្ម លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល និងរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ រួមនឹងវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន។
ថ្លែងនាឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការរៀបចំ «វេទិកាពន្ធដារកម្ពុជា» នេះ គឺជាការផ្តល់កាលានុវត្តភាពដ៏វិសេសមួយ ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរឡើងថែមទៀត រវាងរដ្ឋបាលសារពើពន្ធ, វិស័យឯកជន, ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, ព្រមទាំងអង្គការ និងស្ថាប័នអន្តរជាតិ តាមរយៈ ការចូលរួមក្នុងកិច្ចសន្ទនា ការផ្លាស់ប្តូរមតិយោបល់ និង បទពិសោធ និង ការចែករំលែកនូវឧត្តមានុវត្ត លើប្រធានបទសំខាន់ៗ ដើម្បីជំរុញ និង លើកកម្ពស់អនុលោមភាពសារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿចិត្តរបស់វិស័យឯកជន មកលើយន្តការប្រមូលចំណូលរបស់រដ្ឋ ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធប្រមូលចំណូលពន្ធជូនរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព, គណនេយ្យភាព, សមភាព និង សមធម៌។
លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា វេទិកាពន្ធដារកម្ពុជា ដែលជាយន្តការថ្មីដើម្បីបំពេញបន្ថែមទៀតពីលើយន្តការ នៃកិច្ចសហការជាមួយវិស័យឯកជនដែលកំពុងអនុវត្តស្រាប់ គឺជាឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្នុងឱកាសដែលមានការចូលរួមពីភាគី ពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ, ទាំងវិស័យឯកជន, ទាំងតំណាងស្ថានទូតនិងកុងស៊ុល, និង ទាំងដៃគូអភិវឌ្ឍនានា។
លោកមានប្រសាសន៍ថា ធាតុចូលទាំងនេះ មានតួនាទីសំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការគិតគូររៀបចំគោលនយោបាយ សារពើពន្ធ និងជាមូលដ្ឋានសំខាន់ក្នុងការកំណត់ទិសដៅអនុវត្តបន្ត ជាពិសេសការបន្តខិតខំកែទម្រង់ ទាំងផ្នែករដ្ឋាភិបាល ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ និងបុព្វហេតុជាតិទាំងមូល។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការប្រព្រឹត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការប្រកួតប្រជែងដោយយុត្តិធម៌ អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕





















