រណ្តៅគ្រាប់ MK84 ដែលយោធាថៃ ទម្លាក់ពីយន្តហោះចម្បាំងបំផ្លាញផ្លូវជាតិលេខ៥៨ នៅខេត្តឧត្តរមានជ័យ បានកាត់ផ្តាច់ការធ្វើចរាចរណ៍រប ស់ពលរដ្ឋកម្ពុជា

05-02-2026 15:06

(ឧត្តរមានជ័យ)៖ រណ្តៅគ្រាប់ MK84 ដែលយោធាថៃ ទម្លាក់ពីយន្តហោះចម្បាំងបំផ្លាញផ្លូវជាតិលេខ៥៨ នៅខេត្តឧត្តរមានជ័យ បានកាត់ផ្តាច់ការធ្វើចរាចរណ៍ពលរដ្ឋស្លូតត្រង់របស់ប្រជាជនកម្ពុជា ពីស្រុកបន្ទាយអំបិល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទៅកាន់ទីប្រជុំជននានា។

ក្នុងឱកាសចុះយកព័ត៌មាននៅទីវាលដោយផ្ទាល់ពីសំណាក់អ្នកសារព័ត៌មាន Fresh News ព្រមទាំងអ្នកសារព័ត៌មានជាតិមកពី ១១អង្គភាពផ្សេងទៀត ក្រោមការសម្របសម្រួលដឹកនាំដោយក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺបានមើលឃើញពីទិដ្ឋភាពសោកនាដកម្មដែលបង្កឡើងដោយទម្ងន់គ្រាប់MK84 មកលើទឹកដីកម្ពុជា ដោយសារតែមហិច្ឆតាឈ្លានពានរបស់យោធាថៃ។

គ្រាប់បែកប្រភេទ MK84 ត្រូវបានយោធាថៃ ប្រើប្រាស់យន្តហោះ F-16 បំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ផ្តាច់ផ្លូវជាតិលេខ៥៨ នៅភូមិសែនមនោរម្យ១ មានជម្រៅ១០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ដែលជាផ្លូវធ្វើចរាចរណ៍របស់ ប្រជាពលរដ្ឋនៅស្រុកបន្ទាយអំពិល និងក្រុងសំរោង។

សកម្មភាពទម្លាក់គ្រាប់ MK84 នេះ គ្រាប់បែកចង្កោម និងផ្សែងពុល ត្រូវបានហាមឃាត់នៅក្នុងអនុសញ្ញាអូរតាវ៉ា ពីព្រោះគ្រាប់បែកប្រភេទនេះគឺត្រូវយកមកប្រើប្រាស់សម្រាប់តែកម្ទេចលើគោលដៅយោធា ដែលមានលេណដ្ឋានយោធាតែប៉ុណ្ណោះ៕