គម្រោង «សហគមន៍ទឹកភ្លៀង ការជម្រុញលើការប្រមូលទឹកភ្លៀងប្រើប្រាស់ នៅតំបន់ជួរភ្នំក្រវាញ នៃឧទ្យានជាតិភ្នំក្រវាញ ប្រទេសកម្ពុជា» បានចាប់ដំណើរការក្នុងស្រុកវាលវែង លើទំហំទឹកប្រាក់ ជាង៥០ម៉ឺនដុល្លារ

05-02-2026 16:16

(ពោធិ៍សាត់)៖ អង្គការទឹកភ្លៀងកម្ពុជា (RWC) សហការជាមួយអង្គការសម្ព័ន្ធប្រមូលទឹកភ្លៀងអន្តរជាតិ (IRHA) នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលា ស្តីពីដំណើរការអនុវត្តគម្រោង «សហគមន៍ទឹកភ្លៀង - ការជម្រុញលើការប្រមូលទឹកភ្លៀងប្រើប្រាស់ នៅតំបន់ជួរភ្នំក្រវាញ នៃឧទ្យានជាតិភ្នំក្រវាញ ប្រទេសកម្ពុជា» ដែលមានរយៈពេល៣៦ខែ ចាប់ពីខែតុលា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៨ ក្រោមការគាំទ្រថវិកាពី Fédération Genevoise de Coopération (FGC)។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅបរិវេណសាលាស្រុកវាលវែង ក្រោមអធិបតីភាព លោក សំ ណារិទ្ធ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកអភិបាលរងស្រុកវាលវែង, លោកនាយកប្រតិបត្តិ អង្គការទឹកភ្លៀងកម្ពុជា, ភូមិ-ឃុំគោលដៅ, ការិយាល័យបរិស្ថាន, ប្រធានមណ្ឌលសុខភាព, ការិយាល័យអប់រំ យុវជន និងកីឡា, សហគ្រិនផលិតពាង/កង់លូ ព្រមទាំងជនបង្គោលទឹកស្អាត និងអនាម័យ ថ្នាក់ស្រុក និងឃុំមួយចំនួនទៀត។

លោក ផេង គា នាយកប្រតិបត្តិ អង្គការទឹកភ្លៀងកម្ពុជា បានឱ្យដឹងថា អង្គការទឹកភ្លៀងកម្ពុជា ជាអង្គការខ្មែរមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបានចុះក្នុងបញ្ជី និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នៅឆ្នាំ២០០៤ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប ក្នុងប្រទេសកម្ពុជា ទទួលបានទឹកស្អាត និងអនាម័យ ប្រកបដោយសមធម៌ សម្រាប់គាំទ្រសហគមន៍ ឈានទៅរកដំណោះស្រាយសមស្រប ក្នុងការទទួលបានអនាម័យ និងទឹកស្អាតតាមរយៈការភិវឌ្ឍន៍ និងគាំទ្រសហគ្រិន ក្នុងការឆ្លើយតបនឹងតម្រូវការ។

លោកបានបន្តថា ដោយបានការគាំទ្រពីអង្គការសម្ព័ន្ធប្រមូលទឹកភ្លៀងអន្តរជាតិ (IRHA) និងFGC គម្រោង «សហគមន៍ទឹកភ្លៀង - ការជម្រុញលើការប្រមូលទឹកភ្លៀងប្រើប្រាស់ នៅតំបន់ជួរភ្នំក្រវាញ នៃឧទ្យានជាតិភ្នំក្រវាញ ប្រទេសកម្ពុជា» បានចាប់ដំណើរការនាថ្ងៃនេះ ដែលមានរយេៈពេលអនុវត្ត ចំនួន៣៦ខែ លើឃុំគោលដៅចំនួន៥ ក្នុងទំហំទឹកប្រាក់ ៥០៣,៣០៨ដុល្លារអាមេរិក។

លោកបានគូសបញ្ជាក់ថា គម្រោងនេះមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការទទួលបានទឹកស្អាត សម្រាប់ប្រើប្រាស់ ជាពិសេសសហគមន៍តំបន់ដាច់ស្រយាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រភពទឹក និងការលើកកម្ពស់ ការប្រមូលទឹកភ្លៀងប្រកបដោយចីរភាព នៅក្នុងឧទ្យានជាតិភ្នំក្រវាញ។ គម្រោងមួយនេះនឹងកែលម្អប្រភពទឹកសុវត្ថិភាព ពង្រឹងសមត្ថភាព ការយល់ដឹងដល់ជនបង្គោលក្នុងមូលដ្ឋាន ក្នុងការគ្រប់គ្រងការប្រមូលទឹកភ្លៀង បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សុខភាពសហគមន៍ និងចូលរួមលើកកម្ពស់លើតំបន់ការពារធម្មជាតិ នៅតំបន់ជួរភ្នំក្រវាញ។

លោក សំ ណារិទ្ធ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងអារម្មណ៍រីករាយ ដែលបានឃើញកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងដៃគូអភិវឌ្ឍ អង្គការអនុវត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងការចាប់ផ្តើមអនុវត្តគម្រោង «សហគមន៍ទឹកភ្លៀង - ការជម្រុញលើការប្រមូលទឹកភ្លៀងប្រើប្រាស់ នៅតំបន់ជួរភ្នំក្រវាញ នៃឧទ្យានជាតិភ្នំក្រវាញ ប្រទេសកម្ពុជា» ដែលបានអនុវត្តដោយអង្គការទឹកភ្លៀងកម្ពុជា (RWC) នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់ឃុំគោលដៅចំនួន៥។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអនុវត្តផែនការ ទៅលើការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យ អភិរក្សបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព គឺជាវិស័យអាទិភាពសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ វិស័យទាំងនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយសុខភាពសាធារណៈ ការអប់រំ ការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ដើម្បីធានាជោគជ័យ, លោក សំ ណារិទ្ធ បានដាក់ចេញនូវគោលការណ៍អនុវត្ត ចំនួន៣រួមមាន៖ ទី១-ពង្រឹងភាពជាដៃគូ៖ ដោយត្រូវមានកិច្ចសហការស្អិតរមួត និងការសម្របសម្រួលឱ្យបានហ្មត់ចត់ រវាងអង្គការដែលបានអនុវត្ត មន្ទីរជំនាញ និងអាជ្ញាធរដែនដី, ទី២-ការចូលរួមរបស់សហគមន៍៖ ត្រូវជម្រុញឱ្យប្រជាពលរដ្ឋ ចូលរួមដោយផ្ទាល់ក្នុងការថែទាំ និងគ្រប់គ្រង ដើម្បីធានាបាននូវចីរភាពយូរអង្វែង និងទី៣-ការតាមដាន និងវាយតម្លៃ៖ ត្រូវមានយន្តការត្រួតពិនិត្យឱ្យបានទៀងទាត់ ដើម្បីធានាថារាល់សកម្មភាពទាំងអស់ គឺឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្ត្រដែលបានកំណត់ទុក។

ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ ហើយនឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូទាំងអស់ ក្នុងការសម្របសម្រួល តាមដាន និងគាំទ្រការអនុវត្តនៅគ្រប់កម្រិត។ ជាមួយគ្នានោះ លោកជឿជាក់ថា ដោយមានកិច្ចសហការយ៉ាងល្អ និងកម្លាំងរួមគ្នា គម្រោងនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងមានន័យ និងយូរអង្វែងដល់សហគមន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ខេត្តពោធិ៍សាត់យ៉ាងពិតប្រាកដ៕