ក្នុងវេទិកាពន្ធដារ! ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារយកទៅអនុវត្ត ដើម្បីជំរុញប្រសិទ្ធភាពប្រមូលចំណូលពន្ធ

05-02-2026 16:19

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានផ្ដល់អនុសាសន៍មួយចំនួន ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ សម្រាប់យកទៅអនុវត្តជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។

ការផ្ដល់អនុសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងវេទិកាពន្ធដារ ប្រចាំឆ្នាំ២០២៦ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ នៅមានកិច្ចការសំខាន់ជាច្រើនទៀត ដែលត្រូវបន្តខិតខំយកចិត្តទុកដាក់ សម្រេចឲ្យបានតាមការកំណត់ និង ការចង្អុលបង្ហាញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាវិភាគទាន ដើម្បីចាប់យកកាលានុវត្តភាពថ្មីបន្ថែម និងដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការបំពេញតួនាទី និងភារកិច្ចក៏ដូចជា ដើម្បីសម្រេចឲ្យបាន ដោយជោគជ័យ នូវបេសកកម្ម របស់អគ្គនាយកដ្ឋានពន្ធដារ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្តល់នូវអនុសាសន៍មួយចំនួន ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ សម្រាប់យកទៅអនុវត្ត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ដោយមានកិច្ចសហការជិតស្និទ្ធ ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដូចខាងក្រោម៖

ទី១៖ ចក្ខុវិស័យ និងលទ្ធផល៖ សូមលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទំាងអស់ ដែលបានចូលរួមក្នុង «វេទិកាពន្ធដារកម្ពុជា» ពិភាក្សាផ្លាស់ប្តូរយោបល់, ចែករំលែកនូវបទពិសោធ និង ចំណេះដឹង, ក៏ដូចជា ផ្តល់នូវអនុសាសន៍ឲ្យបានផុសផុល ជាមួយនឹងភាពជាក់ស្តែងនិយម និងចក្ខុវិស័យច្បាស់លាស់ សំដៅរួមចំណែកពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រមូល ចំណូលពន្ធជូនរដ្ឋ, ក្នុងស្មារតី «រួមគ្នាគិត, រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ» ដើម្បីសម្រេចបាន នូវលទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់ តាមការរំពឹងទុកនៃការរៀបចំវេទិកានេះ។

ទី២៖ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ៖ សូមជំរុញគ្រប់ភាគីទាំងឡាយ, រួមមាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, វិស័យឯកជន, ដៃគូអភិវឌ្ឍ និង ស្ថាប័នអន្តរជាតិ, បន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និង ភាពជាដៃគូដ៏ស្អិតល្មួត ជាមួយអគ្គនាយកដ្ឋានពន្ធដារ តាមរយៈការពិភាក្សា និង ការផ្លាស់ប្តូរមតិយោបល់, ចំណេះដឹង និង បទពិសោធ ដោយបើកចំហ និង ក្នុងស្មារតីស្ថាបនា ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និង ពង្រឹងការ-គោរពច្បាប់ និង បទប្បញ្ញត្តិគតិយុត្ត ស្តីពីពន្ធដារ, ជាពិសេស ការចូលរួមបំពេញអនុលោមភាពសារពើពន្ធ ឲ្យបានពេញលេញ ដោយស្ម័គ្រចិត្ត ពីសំណាក់វិស័យ ឯកជន ។

ទី៣៖ ការកែទម្រង់, ការធ្វើបរិវត្តកម្មឌីជីថល និង ការអភិវឌ្ឍខ្លួន ឲ្យក្លាយជារដ្ឋបាល សារពើពន្ធដ៏ទំនើប និង ឆ្លាតវៃ (Tax Administration 3.0)៖ សូមគាំទ្រ និងលើកទឹកចិត្ត អគ្គនាយកដ្ឋានពន្ធដារ ឲ្យបន្តខិតខំធ្វើបរិវត្តកម្មឌីជីថល និង អភិវឌ្ឍខ្លួន ឲ្យក្លាយជាស្ថាប័នឈានមុខគេមួយ ក្នុងចំណោមអង្គភាពនានា ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់នូវបច្ចេក-វិទ្យាទំនើប និងការធ្វើបរិវត្តកម្មឌីជីថល ស៊ីជម្រៅ និងទូលំទូលាយ, ដើម្បីលើកកម្ពស់អភិបាលកិច្ច និង ពង្រឹងអនុលោមភាពសារពើពន្ធ សំដៅ, ម្យ៉ាង, ធ្វើឲ្យការបំពេញកាតព្វកិច្ចសារពើពន្ធ របស់វិស័យឯកជន កាន់តែមានភាពងាយ-ស្រួល, ប្រសិទ្ធភាព, ស័ក្ដិសិទ្ធិភាព, តម្លាភាព និងគណនេយ្យភាព; និងម្យ៉ាងទៀត, បង្កើនចំណូល ពន្ធជូនរដ្ឋ ដើម្បីគោលដៅនៃការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យមានសម្ទុះកាន់តែខ្លាំងក្លា, ស្របតាមប្រធានបទនៃ «វេទិកាពន្ធដារកម្ពុជា» របស់យើង, ក៏ដូចជា ស្របតាមទស្សនវិជ្ជា៖ «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់សម្តេចតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ទី៤៖ ការកសាងមូលធនមនុស្ស៖ សង្កេតឃើញថា, ក្នុងរយៈកាលកន្លងទៅ, អគ្គ- នាយកដ្ឋានពន្ធដារ, វិស័យឯកជន និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរក្សានូវកិច្ចសហការគ្នា យ៉ាងជិតស្និទ្ធ ក្នុងការបណ្តុះបណ្តាល និង ការពង្រឹងសមត្ថភាព មូលធនមនុស្ស ស្របតាមការវិវត្តយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ច, និង និន្នាការ ក្នុងតំបន់ និង លើសកលលោក។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សូមលើកទឹកចិត្តដល់គ្រប់ភាគី ពាក់ព័ន្ធ បន្តស្មារតីនៃកិច្ចសហការស្អិតល្មួតនេះ និងសូមយកចិត្តទុកដាក់បន្ថែមទៀត ដល់ការបន្តជំរុញការអភិវឌ្ឍមូលធនមនុស្ស ឲ្យកាន់តែមានសមត្ថភាព, សុចរិតភាព, ក្រមសីលធម៌ និង វិជ្ជាជីវៈ ដើម្បីឆ្លើយតបបានសមស្រប ទៅនឹងសំណូមពរការងារ និង តម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, ដែលចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះ ទី១៕