Fresh Exclusive: ជម្លោះជាមួយកម្ពុជា និង «ជំងឺផ្ទៃក្នុង៖ មូលហេតុដែលថៃធ្លាក់ចូលស្ថានភាព «អ្នកជំងឺអាស៊ាន»
05-02-2026 16:43
(ភ្នំពេញ)៖ កាសែតបរទេសល្បីៗ និងកាសែតក្នុងស្រុករបស់ថៃ បាននិយាយអំពីភាពធ្លាក់ចុះនៃ ប្រទេសថៃ ដែលធ្លាប់ជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី។ ការវិភាគមួយចំនួនបានប្រៀបធៀបស្ថានភាពនេះ ទៅនឹងជំងឺរ៉ាំរ៉ៃ ដែលថៃមានស្រាប់យូរមកហើយ ប៉ុន្តែត្រូវបានពន្យារពេលដោយមិនព្រមព្យាបាល។
Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយ ដែលវិភាគយ៉ាងច្បាស់ថា តើអ្វីខ្លះជាជំងឺរ៉ាំរ៉ៃទាំងនោះ ហើយហេតុអ្វីបានជាជំងឺនោះ កំពុងធ្វើឲ្យប្រទេសថៃមួយនេះ បាត់បង់ថាមពលសេដ្ឋកិច្ច និងតួនាទីរបស់ខ្លួនក្នុងតំបន់៖
នៅពេលដែលភោជនីយដ្ឋាននៅក្រុងបាងកក កាន់តែស្ងាត់ សណ្ឋាគារមិនពេញបន្ទប់ ហើយអាជីវកម្មតូចៗចាប់ផ្តើមបិទទ្វារ សំណួរមួយកំពុងលេចឡើងយ៉ាងស្ងៀមស្ងាត់ក្នុងសហគមន៍អាស៊ាន៖ តើហេតុអ្វីបានជា ប្រទេសមួយដែលធ្លាប់អួតអាងខ្លួនឯងថាជា «ខ្លាសេដ្ឋកិច្ច» បែរជាកំពុងបង្ហាញរោគសញ្ញាដូចជា អ្នកមានជំងឺក្នុងតំបន់?
សំណួរនេះ មិនមែនជាការបំភ្លៃអារម្មណ៍នយោបាយឡើយ ប៉ុន្តែជាសំណួរដែលកើតចេញពី សញ្ញាធ្លាក់ចុះនៃសមត្ថភាពពាណិជ្ជកម្ម ទំនុកចិត្តទីផ្សារ និងជីវភាពសង្គម ដែលកាសែតជាតិ និងអន្តរជាតិនានា បាននិងកំពុងចាប់ផ្តើមរាយការណ៍យ៉ាងច្បាស់លាស់អំពីប្រទេសថៃនៅពេលនេះ។
* ជំងឺសេដ្ឋកិច្ចមានស្រាប់ ធ្លាក់កាន់តែធ្ងន់ នៅពេលបង្កជម្លោះជាមួយកម្ពុជា
អស់រយៈពេលជាច្រើនឆ្នាំមកនេះ សេដ្ឋកិច្ចថៃ បានបង្ហាញការលូតលាស់យឺតយ៉ាវ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍។ វិបត្តិនៃបំណុលគ្រួសារខ្ពស់ ការពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ និងការពន្យារពេលកែទម្រង់រចនាសម្ព័ន្ធ បានធ្វើឲ្យប្រព័ន្ធផលិត និងការចំណាយក្នុងស្រុក ស្ថិតក្នុងស្ថានភាពត្រឹមតែ «រស់បាន ប៉ុន្តែមិនរីក» ឡើយ។ ការវិភាគនេះ ស្របគ្នានឹងការរាយការណ៍របស់ Financial Times ដែលបានដកស្រង់សម្តីអ្នកវិភាគហិរញ្ញវត្ថុពីធនាគារ Kasikornbank ដោយបញ្ជាក់ថ្មីៗនេះថា សេដ្ឋកិច្ចថៃ ទោះបីជា «មិនទាន់ស្ថិតក្នុងបន្ទប់ ICU» ក៏ដោយ ប៉ុន្តែអាច «មើលទៅអាក្រក់ជាងមុន» ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយបញ្ហារចនាសម្ព័ន្ធរបស់ខ្លួនឲ្យបានជាក់ស្តែងនោះទេ។
អ្វីដែល Financial Times ពិពណ៌នានេះ បង្ហាញយ៉ាងច្បាស់ថា បញ្ហាស្នូលរបស់ថៃ មិនមែនជាវិបត្តិដែលអាចដោះស្រាយបានភ្លាមៗឡើយ ប៉ុន្តែជាជំងឺយូរអង្វែង និងរ៉ាំរ៉ៃ ដែលត្រូវការការព្យាបាលជ្រាលជ្រៅ និងការសម្រេចចិត្តនយោបាយរយៈពេលវែង។ ទោះជាយ៉ាងណា ភាពអស្ថិរភាពនយោបាយ ចាប់ពីការផ្លាស់ប្តូរមេដឹកនាំជាញឹកញាប់ ការទប់ស្កាត់លទ្ធផលបោះឆ្នោត រហូតដល់អំណាចរដ្ឋាភិបាលដែលខ្វះសមត្ថភាពអនុវត្តកំណែទម្រង់យូរអង្វែង បានធ្វើឲ្យការព្យាបាលជំងឺនេះ កាន់តែពិបាក។ នៅក្នុងបរិបទនេះ អារម្មណ៍ជាតិនិយមជ្រុល មិនត្រឹមតែបង្វែរចំណាប់អារម្មណ៍ពីបញ្ហាស្នូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយសមត្ថភាពរដ្ឋក្នុងការដោះស្រាយបញ្ហា បើទោះបីជាថៃខ្លួនឯងក៏បានដឹងដែរថា ថៃខ្លួនឯងពិតជាមានជំងឺប្រភេទនោះក៏ដោយ។
* ទេសចរណ៍កំពុង «ស្ទាក់ស្ទើរ» និងផលប៉ះពាល់ជាបន្តបន្ទាប់
វិស័យទេសចរណ៍ ដែលជាម៉ាស៊ីនសេដ្ឋកិច្ចសំខាន់របស់ថៃ ក៏កំពុងបង្ហាញរោគសញ្ញាខ្សោយរបស់ខ្លួនផងដែរ។ យោងតាម Financial Times ភ្ញៀវបរទេសឆ្នាំ២០២៥ មានប្រមាណ៣២.៩លាននាក់ ថយចុះពីឆ្នាំមុន និងនៅតែទាបជាងកម្រិតមុនជំងឺCovid-១៩។ ការធ្លាក់ចុះនេះ មិនត្រឹមតែប៉ះពាល់លើវិស័យទេសចរណ៍ដោយឡែកនោះទេ ប៉ុន្តែបានរាលដាលទៅលើវិស័យពាក់ព័ន្ធជាច្រើនរួមមាន វិស័យលក់រាយ កសិកម្ម និងសំណង់សណ្ឋាគារ។ ការពិពណ៌នាអំពីភោជនីយដ្ឋាន ដែលមិនសូវមានអតិថិជន និងអាជីវកម្មតូចៗដែលបិទទ្វារ នៅតាមទីក្រុងបាងកក មិនមែនជាការបង្ហាញអារម្មណ៍ជាបុគ្គលនោះទេ ប៉ុន្តែជាសញ្ញាសង្គមមួយបង្ហាញថា ទំនុកចិត្តក្នុងស្រុក និងថាមពលចំណាយរបស់ប្រជាជនកំពុងចុះថយជាសញ្ញាដែលធ្វើឲ្យការស្តារឡើងវិញរបស់សេដ្ឋកិច្ច កាន់តែជួបការលំបាក។
* ជម្លោះនយោបាយជាមួយកម្ពុជា៖ ជារឿងនយោបាយប្រជាភិថុតិ មិនមែនជាមួលហេតុចម្បង
ជម្លោះនយោបាយជាមួយ កម្ពុជា មិនមែនជាមូលហេតុដើម នៃបញ្ហាសេដ្ឋកិច្ចរបស់ថៃ ឡើយ។ ប៉ុន្តែក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងយឺត សង្គមកំពុងខកចិត្ត និងការកែទម្រង់ត្រូវបានពន្យារពេល ជម្លោះបែបនេះ បានក្លាយជាឧបករណ៍នយោបាយប្រជាភិថុតិ ដែលធ្វើឲ្យបញ្ហារចនាសម្ព័ន្ធមានស្រាប់ កាន់តែសង្កត់ធ្ងន់ឡើង។ ការលើកយកជម្លោះជាប់ព្រំដែនមកប្រើក្នុងការប្រកួតប្រជែងនយោបាយ វាអាចបង្កើនអារម្មណ៍ជាតិនិយមក្នុងរយៈខ្លីក៏ពិតមែន ប៉ុន្តែថ្លៃដើមសេដ្ឋកិច្ចវិញ គឺប៉ះពាល់ធ្ងន់ធ្ងរណាស់។ វាប៉ះពាល់ទាំងលើទំនុកចិត្តវិនិយោគ និង រូបភាពសុវត្ថិភាពទេសចរណ៍។ ហើយដូចដែលទីភ្នាក់ងារ Reuters បានរាយការណ៍ជាបន្តបន្ទាប់ថា ទីផ្សារហិរញ្ញវត្ថុនិងវិនិយោគិន បានបង្ហាញការប្រុងប្រយ័ត្នខ្លាំង ជាពិសេសក្នុងកាលៈទេសៈថៃ កំពុងជួបភាពតានតឹងនយោបាយ និងភាពមិនប្រាកដប្រជាក្នុងពេលនេះ។ និយាយឲ្យច្បាស់ជម្លោះក្រៅស្រុក មិនបានជួយឲ្យបញ្ហាចាស់ៗឱ្យស្រាកស្រានឡើយ។ ផ្ទុយទៅវិញ វាកំពុងបង្កើតសម្ពាធថ្មី ដែលធ្វើឲ្យជំងឺសេដ្ឋកិច្ច និងនយោបាយដែលមានស្រាប់ រាលដាលលឿន ធ្ងន់ធ្ងរ និងពិបាកព្យាបាលជាងមុនថែមទៀត។
* ជាតិនិយមនយោបាយ៖ ថ្នាំបំបាត់ការឈឺ ប៉ុន្តែមិនព្យាបាលជំងឺ
ក្នុងរដូវនយោបាយ ការលើកអារម្មណ៍ជាតិនិយម ដើម្បីស្វែងរកសន្លឹកឆ្នោត វាអាចជួយឲ្យអ្នកនយោបាយខ្លះ ទទួលបានការគាំទ្របណ្តោះអាសន្នមួយចំនួន។ ប៉ុន្តែសម្រាប់ប្រទេសថៃ ការប្រើជម្លោះជាមួយកម្ពុជា ជាឧបករណ៍នយោបាយ វាមានតួនាទីហាក់ដូចជា ថ្នាំបំបាត់ការឈឺចាប់ដែលបន្ធូរអារម្មណ៍សង្គមក្នុងរយៈខ្លី ប៉ុន្តែមិនអាចព្យាបាលជំងឺសេដ្ឋកិច្ច និងនយោបាយរចនាសម្ព័ន្ធ ដែលថៃកំពុងប្រឈមមុខបានឡើយ។
ទោះបីជាគណបក្សនយោបាយមួយ អាចឈ្នះការបោះឆ្នោត ដោយទាញយកសម្លេងគាំទ្រពីអារម្មណ៍ជាតិនិយមជ្រុលក៏ដោយ ក៏វាមិនអាចគេចផុតពីការពិតថា ជ័យជម្នះនយោបាយបែបនេះ មិនបានធ្វើឲ្យជំងឺសេដ្ឋកិច្ចរបស់ប្រទេសស្រាកស្រានឡើយ។ ផ្ទុយទៅវិញ ការពន្យារពេលកែទម្រង់ និងការបន្តជម្លោះជាមួយប្រទេសជិតខាង កំពុងធ្វើឲ្យបញ្ហាស្នូលរាលដាលកាន់តែធ្ងន់ និងពិបាកព្យាបាលជាងមុនថែមទៀត។ នៅទីបំផុតប្រទេសមួយ អាចឈ្នះការបោះឆ្នោតមួយ ប៉ុន្តែចាញ់ទំនុកចិត្តវិនិយោគ អនាគតសេដ្ឋកិច្ច និងតួនាទីតំបន់របស់ខ្លួន។ សម្រាប់ថៃ, នេះមានន័យថា ការបន្តពឹងផ្អែកលើនយោបាយជាតិនិយម មិនអាចជួយបិទបាំងជំងឺរ៉ាំរ៉ៃពិតប្រាកដរបស់ខ្លួនបានឡើយ។ វាបន្តការរុញច្រានឲ្យប្រទេសមួយនេះ កាន់តែបាត់បង់តួនាទីរបស់ខ្លួនដែលធ្លាប់កាន់កាប់ក្នុងនាមជា «ខ្លាអាស៊ី» ផងទៀត។
ថៃ គឺជាសមាជិកស្នូលមួយរបស់អាស៊ាន។ នៅពេលប្រទេសសំខាន់មួយនេះ កំពុង «ឈឺ» ដោយសារការពន្យារពេលកែទម្រង់ និងភាពតានតឹងនយោបាយរបស់ខ្លួន វាមិនត្រឹមតែជាបញ្ហាផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ភាពជឿជាក់ និងរូបភាពរបស់អាស៊ានទាំងមូល ក្នុងក្រសែភ្នែករបស់ពិភពលោក។
សន្និដ្ឋាន៖ ពាក្យ «អ្នកជំងឺរបស់អាស៊ាន» មិនមែនជាស្លាកដែល Financial Times ឬ Reuters ប្រើដោយផ្ទាល់ទេ។ ប៉ុន្តែវាជាសញ្ញាសេដ្ឋកិច្ច សង្គម និងនយោបាយ ដែលប្រភពអន្តរជាតិទាំងនេះបានរាយការណ៍ និងបញ្ជាក់អំពីសភាព ជំងឺយូរអង្វែងរបស់ថៃ ប្រសិនណាបើប្រទេសមួយនេះមិនព្រមព្យាបាលនូវជំងឺរបស់ខ្លួនឯងដែលមានស្រាប់នោះទេ។ ថៃ មិនក្លាយជាអ្នកជំងឺ ព្រោះតែជម្លោះជាមួយកម្ពុជាទេ។ ប៉ុន្តែថៃ កំពុងក្លាយជាអ្នកជំងឺ ព្រោះការជ្រើសរើសរបស់ខ្លួនចូលចិត្ត ប្រើជម្លោះ ដើម្បីបង្វែរស្ថានការណ៍ និងពន្យារពេលមិនព្រមធ្វើការព្យាបាលជំងឺផ្ទៃក្នុង ដែលមានស្រាប់យូរហើយមកនេះ។ ជម្លោះអាចផ្តល់អត្ថប្រយោជន៍នយោបាយក្នុងរយៈខ្លីក៏ពិតមែន ប៉ុន្តែសម្រាប់អនាគតរបស់ប្រទេស វានឹងធ្វើឲ្យជំងឺផ្ទៃក្នុងដែលរ៉ាំរ៉ៃ កាន់តែពិបាកព្យាបាល និងមានតម្លៃបង់ខាតកាន់តែថ្លៃជាងមុន៕


























