ក្រុមហ៊ុន សាន់ធេល ថេកណឡជី ឯកទេសសម្អាត ជូនដំណឹងជាសាធារណៈ ករណីលោក ឡា គ្រឿត លែងមានតួនាទីជាបុគ្គលិកក្រុមហ៊ុន និងកំពុងរងបណ្តឹងនៅតុលាការ
05-02-2026 16:49
(ភ្នំពេញ)៖ ក្រុមហ៊ុន សាន់ធេល ថេកណឡជី (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនចុះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មានទីស្នាក់ការតាំងនៅអគារ Flatiron by Meridian ការិយាល័យ FO-2312, FO-2313 & FO-2314 ជាន់ទី២៣ ផ្លូវ១០២ ភ្នំពេញស៊ីធីសេនធ័រ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រុមហ៊ុនមានបុគ្គលិក ដែលទទួលបានការបណ្តុះបណ្តាលជំនាញច្បាស់លាស់ និងប្រើប្រាស់បច្ចេកវិទ្យា កម្រិតចុងក្រោយ ក្នុងការផ្តល់សេវាកម្មគុណភាពខ្ពស់ ផ្នែកសម្អាតផ្ទះ សាឡុង ពូក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោក ខោអាវ និងកម្ចាត់សត្វល្អិត ដោយមានពាណិជ្ជនាម ប៊ីអ៊ីស៊ី bEasy.។
ក្រុមហ៊ុនសូមជម្រាបជូនអតិថិជន ក៏ដូចជាសាធារណជន ឱ្យបានជ្រាបថា ឈ្មោះ ឡា គ្រឿត ភេទប្រុស សញ្ជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅ ផ្លូវលំ សំណង់១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចប់ទំនាក់ទំនងការងារជាមួយក្រុមហ៊ុនយើងខ្ញុំ និងចប់តួនាទីជាប្រធានផ្នែកលក់ជាន់ខ្ពស់. (Senior Sales Manager) នៅក្នុងក្រុមហ៊ុនយើងខ្ញុំ ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
អាស្រ័យហេតុនេះ គិតចាប់ថ្ងៃកាលបរិច្ឆេទខាងលើ បុគ្គលខាងលើពុំមានតួនាទីអ្វីពាក់ព័ន្ធជាមួយក្រុមហ៊ុនយើងខ្ញុំតទៅទៀតឡើយ ហើយមិនអាចយកឈ្មោះរបស់ក្រុមហ៊ុនយើងខ្ញុំ ទៅផ្សព្វផ្សាយ ឬអូសទាញ អតិថិជនបានឡើយ។
មិនតែប៉ុណ្ណោះ បច្ចុប្បន្នក្រុមហ៊ុនយើងខ្ញុំ ក៏បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងបញ្ហាដែលបុគ្គលរូបនេះ បានប្រព្រឹត្តប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនយើងខ្ញុំ។
ក្រុមហ៊ុនយើងខ្ញុំ ក៏សូមឆ្លៀតឱកាសនេះជម្រាបជូនអតិថិជន និងសាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះ ការក្លែងបន្លំប្រើឈ្មោះរបស់ក្រុមហ៊ុនយើងខ្ញុំ និងសូមទាក់ទងផ្ទាល់ មកក្រុមហ៊ុនយើងខ្ញុំ ដើម្បីទទួលបានសេវាកម្ម ប្រកបដោយគុណភាពខ្ពស់ពិតប្រាកដ ជៀសវាងការបោកប្រាស់ពីសំណាក់ជនខិលខូច ដែលនាំឱ្យខាតបង់ទាំង ថវិកា និងពេលវេលារបស់លោកអ្នក៕






