អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា៖ សម្តេចម៉ែប្រទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ  ដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កុមារកម្ពុជា

05-02-2026 16:59

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Dr Denis Laurent ) អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ដើម្បីរួមចំណែកជួយទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យ ក្នុងការពិនិត្យ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ។

លោក Denis Lurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានមានប្រសាសន៍បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា គិតមកដល់ពេលនេះគឺមានរយៈពេល៣២ឆ្នាំហើយ ដែលព្រះបរមរតនកោដ្ឋ និងព្រះវររាជមាតាជាតិខ្មែរ តែងតែបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ជានូវព្រះរាជទ្រព្យជាប្រចាំដើម្បីជាការទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យ និងទៅដល់បុគ្គលិកទាំងអស់ដែលមានចំនួនសរុបជាង ២ពាន់នាក់រួចមកហើយ។

លោកអគ្គនាយក បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ជាដំណើរការបានដោយមានកិច្ចសហការគាំទ្រពីមូលនិធិគន្ធបុប្ជាស្វីស ក៏ដូចជាមូលនិធិគន្ធបុប្ជាកម្ពុជា ដែលជាក្តីស្រមើស្រម៉ៃមួយរបស់លោកអតីតនាយក ដែលលោកចង់ឱ្យមន្ទីរពេទ្យគន្ធបុប្ជា ជាមន្ទីរពេទ្យគ្រប់គ្រងដោយបុគ្គលិក និងគ្រូពេទ្យខ្មែរ។ លោកបន្តថា ឥឡូវនេះក្តីស្រម៉ៃរបស់លោកអតីតនាយក គឺបានសមេ្រចហើយទាំងនៅភ្នំពេញ និងខេត្តសៀមរាប គឺមន្ទីរពេទ្យបានដំណើរការដោយគ្រូពេទ្យ និងបុគ្គលិកខ្មែរទាំងអស់។

លោក Denis Lurent បានបន្ថែមថា ទាក់ទងជាមួយនឹងការចំណាយនៅក្នុងឆ្នាំ២០២៥ គឺមន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាអស់ប្រហែលជាង ៤៦លានដុល្លារសហរដ្ឋអាមេរិក ដោយសារមានអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យប្រហែលជាង ១លានករណី ហើយផ្នែកពិគ្រោះជំងឺក្រៅ ជាមួយនឹងការពិនិត្យតាមដានស្ត្រី ដែលមានផ្ទៃពោះនៅក្នុងខេត្តសៀមរាបបានជាង ១២ម៉ឺននាក់។ នៅក្នុងឆ្នាំ២០២៥ អ្នកជំងឺមានការកើនឡើងទាំងផ្នែកពិគ្រោះជំងឺក្រៅ និងអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ដែលធ្វើឲ្យការចំណាយរបស់មន្ទីរពេទ្យក៏មានការកើនឡើងផងដែរ។

ជាមួយគ្នានេះដែរ លោក យោគ សាមឌី នាយករង នៃអង្គភាពប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានបន្ដថា ព្រះរាជទាននេះ នឹងបន្តចូលរួមដល់ចីរភាពទៅដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងអស់ ដែលនឹងបន្តបេសកម្មសង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់ និងបន្តបេសកម្មមនុស្សធម៌ ដោយទទួលបាននូវទាំងព្រះរាជទ្រព្យរបស់ ព្រះមហាក្សត្រីផង និងព្រមទាំងការបរិច្ចាគពីបណ្តាសាធារណៈជន ក្រុមហ៊ុន និងក្រសួង-ស្ថាប័ននានាផងដែរ។

សូមជម្រាបដែរថា មន្ទីរពេទ្យគន្ធបុប្ផា គឺបានព្យាបាលកុមារ ដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួនជាង ២៣ម៉ឺននាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២,២ម៉ឺនករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួនជាង ១០ម៉ឺនករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួនជាង ២ម៉ឺន ៥ពាន់នាក់ ២៥, ផ្ដល់សេវាវះកាត់ទូទៅចំនួនជាង ៣ម៉ឺន ៤ពាន់នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួនជាង ១ពាន់នាក់៕