សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់ក្រសួងបរិស្ថាន
05-02-2026 17:48
(ភ្នំពេញ)៖ សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅរបស់ក្រសួងបរិស្ថាន។
ក្នុងអនុក្រឹត្យ បានឲ្យដឹងថា ក្រសួងបរិស្ថាន បំពេញមុខងារស្នូលរួមមាន៖
(១)៖ ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលលើការងារកិច្ចគាំពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ,
(២)៖ ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលឆ្លើយតបការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍ដោយចីរភាព,
(៣)៖ ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលលើកកម្ពស់ការយល់ដឹង និងគ្រប់គ្រងព័ត៌មានបរិស្ថាន
និង (៤)៖ អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។
នៅក្នុងមុខងារស្នូលនីមួយៗ មានមុខងាររងនៃមុខងារស្នូល ដើម្បីអនុវត្តការងារ រួមជាមួយនឹងអគ្គលេខាធិការដ្ឋាន ដែលត្រូវបំពេញមុខងារគាំទ្រដែលបានកំណត់ ដើម្បីគាំទ្រដល់ដំណើរការប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។
អនុក្រឹត្យនេះ ជាលទ្ធផលមួយក្នុងចំណោមសមិទ្ធផលនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕


























































