ព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៌ចិន-កម្ពុជា អបអរសាទរពិធីបុណ្យចូលឆ្នាំចិននឹងរៀបចំឡើងរយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ
05-02-2026 18:50
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការគាំទ្រពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ក្រុមយុវជន នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានធ្វើពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងការបើកព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៌ចិន-កម្ពុជា រយៈពេល៣ថ្ងៃ ដែលរៀបចំឡើងចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នៅមុខបុរីរុងរឿង វិថីរុងរឿង១ សង្កាត់ព្រៃកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណិចិន ឆ្នាំ២០២៦ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។
កម្មពិធីក្រុងពាលីរៀបចំឡើងក្រោមវត្តមានផ្ទាស់របស់ឧកញ៉ា ដួង តិច អនុប្រធានសមាគមសម្ព័ន្ធខ្មែរនៅកម្ពុជា និងជាប្រធានក្រុមយុវជន នៃសមាគមសម្ព័ន្ធខ្មែរនៅកម្ពុជា។
ឧកញ៉ា ដួង តិច បានឲ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងចង់បង្រួបបង្រួមយុវជនដែលជាប់ខ្សែស្រឡាយចិន ចូលរួមថែរក្សាប្រពៃណីបុណ្យចូលឆ្នាំចិន និងធ្វើកម្មវិធីការងារសប្បុរសធម៌ ក៏ដូចជាកិច្ចសហការអាជីវកម្ម ក្នុងន័យ ចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដើម្បីជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែប្រសើរនាពេលអនាគត។
ឧកញ៉ា បានបន្តថា ក្នុងព្រឹត្តិការណ៍ជាលើកទី២នេះ មានសកម្មភាព និងស្តង់ពិព័រណ៍ជាង ១២០ស្តង់ ដែលបានដាក់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននានា រួមទាំងស្តង់ម្ហូបអាហារខ្មែរ-ចិន ស្តង់ទំនិញគ្រប់ប្រភេទ ហើយក៏មានការសម្ដែងវប្បធម៌ចិន-កម្ពុជា ដូចជាមានសម្តែងក្បាច់គុន ការប្រគុំតន្ត្រី ល្ខោនខ្មែរ ព្រមទាំងឧបករណ៍ភ្លេងខ្មែរ-ចិនជាដើមដើម្បីផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនប្រទេសទាំងពីរ។
ឧកញ៉ា បានបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៏នេះ ក៏បង្ហាញថា ខ្មែរយើងមានការអភិវឌ្ឍនាបច្ចុប្បន្ននេះ ហើយខ្មែរយើងមានសមត្ថភាពច្រើនខ្មែរអាចធ្វើបាន ដែលពីមុនមិនស្មានថាខ្មែរអាចធ្វើបាន តែឥឡូវភាគច្រើនគឺយើងអាចធ្វើបានច្រើន។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ចម្រុះវប្បធម៏ចិន-កម្ពុជា បើកឱ្យសាធារណជនទាំងអស់ ចូលរួមកម្សាន្តដោយសេរី និងឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននេះឱ្យបានច្រើនកុះករ ពិសេសស្វែងយល់អំពីទំនាក់ទំនងមិត្តភាព ដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន ក៏ដូចជាសិក្សាស្វែងយល់អំពីវប្បធម៌ប្រពៃណីចិនផងដែរ៕








