វត្ថុបុរាណកម្ពុជា ៧០វត្ថុ នឹងត្រូវមាតុភូមនិវត្តពីចក្រភពអង់គ្លេស អំឡុងខែកុម្ភៈ និងខែមីនា

05-02-2026 19:00

(ភ្នំពេញ)៖ យ៉ាងហោចណាស់ វត្ថុបុរាណរបស់កម្ពុជា ចំនួន៧០វត្ថុ នឹងត្រូវមាតុភូមនិវត្ត ពីចក្រភពអង់គ្លេស អំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦» ដែលធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ។

ចាប់តាំងពីឆ្នាំ១៩៩៦ ដល់ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាបានទទួលវត្ថុសិល្បៈបុរាណចំនួន ១ ០៩៨វត្ថុ ពីប្រទេសចំនួន១៥។ វត្ថុទាំងនោះរួមមាន វត្ថុដែលប្រគល់ដោយសប្បុរសជន និងវត្ថុដែលប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា។

ការទទួលបានវត្ថុបុរាណទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចា ការទាមទារតាមផ្លូវច្បាប់ និងការសហការជាមួយបណ្តាប្រទេសនានា។ ក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលវត្ថុបុរាណជាច្រើនដូចជា វត្ថុសិល្បៈខ្មែរចំនួន ២៩៦វត្ថុ ពីលោកបណ្ឌិត István Zelnik, វត្ថុបុរាណខ្មែរចំនួន ១៣រូប ពីសារមន្ទីរសិល្បៈអាស៊ីសាន់ហ្វ្រាន់ស៊ីស្កូ និង អាជ្ញាធរជាតិអប្សរាទទួលបានវត្ថុបុរាណ ២៧៧កេស ពីស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា។

ការប្រគល់វត្ថុបុរាណមកកម្ពុជាវិញ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិ និងព្យាបាលរបួសផ្លូវចិត្តដែលបន្សល់ទុកពីសង្គ្រាម។ រាជរដ្ឋាភិបាលកម្ពុជាបន្តខិតខំប្រឹងប្រែងស្វែងរក និងនាំយកវត្ថុបុរាណដែលបាត់បង់ត្រឡប់មកវិញ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិ។

ទោះជាយ៉ាងនេះក្តី ថៃបានពន្យារពេលប្រគល់វត្ថុបុរាណខ្មែរមួយចំនួនដល់កម្ពុជា។ នេះបើតាមរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ អានដោយលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌។

លោកបានឲ្យដឹងថា ជម្លោះព្រំដែនរវាងកម្ពុជានិងថៃបានធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សសម្បត្តិវប្បធម៌ជាតិ ដោយក្នុងនោះភាគីថៃបានធ្វើឱ្យខូចខាតប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក តំបន់ជុំវិញប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង ព្រមទាំងការយកលេសពន្យារពេលប្រគល់វត្ថុបុរាណខ្មែរមួយចំនួនត្រឡប់មកប្រទេសកម្ពុជាវិញ។ ភាពតានតឹងនិងជម្លោះព្រំដែននេះក៏បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុលនិងអភិរក្ស រួមទាំងទេសចរណ៍វប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារនិងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ ដោយសារតំបន់ទាំងនេះត្រូវបានបិទមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា៕