សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនលោកស្រី ម៉ម គឹមណៃ ចំពោះមរណភាពលោក សំ សារិត ដែលត្រូវជាឧត្តមស្វាមី

05-02-2026 20:04

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនលោកស្រី ម៉ម គឹមណៃ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាល ដែលត្រូវជាឧត្តមស្វាមីរបស់ លោកស្រី។

ក្នុងសារលិខិតរំលែកមរណទុក្ខ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោកស្តាយ និងស្រណោះជាពន់ពេក ចំពោះ ដំណឹងមរណភាពរបស់ ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាល ដែលត្រូវជាឧត្តមស្វាមីរបស់ លោកជំទាវ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២៖៥០នាទីព្រឹក (ម៉ោងនៅប្រទេសកម្ពុជា) ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាពោរពេញដោយមហាទុក្ខដ៏ក្រៀមក្រំ និងអាឡោះអាល័យបំផុតនេះ យើងខ្ញុំសូមចូលរួម រំលែកទុក្ខជាមួយ លោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក និងសមាជិកគ្រួសារ ជាទី គោរពស្រឡាញ់ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងឧបការគុណសម្រាប់គ្រួសារ។

ឯកឧត្តម សំ សារិត គឺជាឥស្សរជនឆ្នើមមួយរូប ដែលបានបំពេញករណីយកិច្ច និងរួមរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា រហូតដល់ថ្ងៃ អវសាននៃជីវិត។ ស្នាដៃក្នុងការរួមសហការ និងគាំទ្ររាជរដ្ឋាភិបាលគ្រប់ដំណាក់កាលរបស់ ឯកឧត្តម ដើម្បី រក្សាការពារសន្តិភាពដ៏មានតម្លៃ និងវឌ្ឍនាការរបស់ប្រទេសកម្ពុជា គឺជាគុណសម្បត្តិដ៏ឧត្តមដែលនឹងស្ថិតនៅ ក្នុងការចងចាំរបស់ជនរួមជាតិកម្ពុជាជារៀងរហូត។

យើងខ្ញុំ សូមឧទ្ទិសកុសល និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សំ សារិត ទទួលបានភាពត្រជាក់ ត្រជំនៃតេជះបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ និងក្រុមគ្រួសារ ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ»