អ្នកភ្នំពេញស្គាល់វិថី «ឧកញ៉ា ម៉ុង ឬទ្ធី» ដែរឬទេ? ផ្ទុះការចាប់អារម្មណ៍ក្រោយអ្នកឧកញ៉ា ម៉ុង ឬទ្ធី បង្ហាញរូបភាពសាងសង់វិថី «ឧកញ៉ា ម៉ុង ឬទ្ធី»
05-02-2026 20:30
(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហាញរូបភាពជាច្រើនសន្លឹកក្នុងដំណាក់កាលសាងសង់វិថី «ឧកញ៉ា ម៉ុង ឬទ្ធី» ដែលជាវិថីមួយខ្សែក្នុងរាជធានីភ្នំពេញ និងបង្ហាញពីមូលហេតុនាំវិថីនេះដាក់ឈ្មោះរបស់លោក។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានរំលឹកថា វិថីមួយខ្សែនេះ បានចាប់ផ្តេីមសាងសង់ក្នុងឆ្នាំ២០០៨ហេីយសាងសង់រួចរាល់ និងបេីកឱ្យដំណេីរការប្រេីប្រាស់ក្នុងឆ្នាំ២០០៩។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានបង្ហាញពីមូលហេតុដែលនាំឱ្យវិថីនេះ ត្រូវបានដាក់ឈ្មោះរបស់លោកផងដែរ។ បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី ការដែលវិថីនេះ ដាក់ឈ្មោះរបស់លោក ក៏ព្រោះរូបលោកបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្រោយពេលប្រទេសជាតិរកបានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។
សម្រាប់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ការរំលឹកពីរឿងដាក់ឈ្មោះលើផ្លូវនេះ គ្រាន់តែចង់បង្ហាញពីមូលហេតុនៃការដាក់ឈ្មោះរបស់លោកលើផ្លូវនេះប៉ុណ្ណោះ គ្មានគោលបំណងយកគុណស្រ័យអ្វីនោះទេ។ មានអ្នកដឹងគុណក៏បាន ហើយរមិលគុណក៏មិនអីទេ។
ជាមួយការបង្ហាញរូបភាពនេះ នាំឱ្យអ្នកលេងបណ្តាញជាច្រើនចាប់អារម្មណ៍ និងចែករំលែកបន្ត ខណៈអ្នកខ្លះក៏មិនស្គាល់ផងដែរថា តើវិថីនោះស្ថិតនៅកន្លែងណា?
វិថីឧកញ៉ា ម៉ុង ឬទ្ធី ជាវិថីមួយខ្សែចាប់ផ្តើមពីរង្វង់មូលកាំកូស៊ីធី ឆ្លងកាត់មហាមិត្តភាពកម្ពុជា-វៀតណាម កាត់ផ្សារបឹងបៃតង ហើយមកភ្ជាប់ត្រឹមវិថីឧកញ៉ា ទ្រី ហេង។ ប៉ុន្តែបច្ចុប្បន្ននេះ វិថីមួយខ្សែនេះ ត្រូវបានអាជ្ញាធរសង់ផ្លូវបេតុងបន្តទម្លុះមករហូតដល់បុរីពិភពថ្មីសែនសុខ។
តាមរយៈរូបភាពដែលបង្ហាញដោយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ក្នុងដំណាក់កាលសាងសង់កាលពីឆ្នាំ២០០៨ បានបង្ហាញថា ទិដ្ឋភាពអមសងខាងវិថីនេះ ប្រៀបដូចជាតំបន់ជនបទដាច់ស្រយាលមិនសូវមានសំណង់អគារផ្សេងៗនោះឡើយ។ ទិដ្ឋភាពកាលពីឆ្នាំ២០០៨នោះ នៅអមសាងខាងវិថីមួយខ្សែនេះ គឺខុសគ្នាខ្លាំងណាស់ជាមួយស្ថានភាពនាពេលបច្ចុប្បន្ន។
រយៈពេល១៨ឆ្នាំមកនេះ អមសងខាងវិថី «ឧកញ៉ា ម៉ុង ឬទ្ធី» បានវិវឌ្ឍន៍ពីទីស្ងប់ស្ងាត់ជាតំបន់ប្រមូលផ្តុំដោយសំណង់លំនៅឋាន សំណង់អគារពាណិជ្ជកម្ម ផ្សារទំនើប និងអាហារដ្ឋានជាដើម។ ជាពិសេសនោះ វិថីមួយខ្សែនេះ បានប្រែក្លាយជាវិថីដែលមិនសូវមានចរាចរណ៍ ក្លាយទៅជាកន្លែងមានចរាចរណ៍យ៉ាងមមាញឹក។
តាមរយៈរូបភាពវិថីបង្ហាញដោយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានស្តែងពីការវិវឌ្ឍ និងប្រែប្រួលយ៉ាងច្រើនក្នុងរាជធានីភ្នំពេញ។ ការវិវឌ្ឍរីកចម្រើននេះ ប្រហែលមិនអាចកើតមានឡើយ បើកម្ពុជាមិនអាចបញ្ចប់សង្គ្រាមផ្ទៃក្នុងនាឆ្នាំ១៩៩៨ ហើយមិនមានការប្រឹងប្រែងពីគ្រប់តួអង្គក្នុងសង្គមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
រូបភាពទាំងនេះ ក៏បានបង្ហាញយើងផងដែរថា កុំថាឡើយក្របខណ្ឌទូទាំងប្រទេស ត្រឹមតែរាជធានីភ្នំពេញ ទម្រាំប្លែកភ្នែកដូចបច្ចុប្បន្ន បានឆ្លងកាត់គំនិត និងញើសមិនអាចគណនាអស់ឡើយ។ ប្រជាជាតិកម្ពុជាលំបាកខ្លាំងណាស់ទំរាំអាចឈានមកកាន់ដំណាក់កាលដូចបច្ចុប្បន្ន ដូច្នេះប្រជាជាតិត្រូវបន្តក្តីសង្ឃឹម បន្តប្រឹងប្រែងរួបរួមសាមគ្គីជាបន្តលើកិច្ចកសាងជាតិ ដើម្បីឈានឆ្ពោះទៅក្តីសង្ឃឹម និងការរីកចម្រើនជាបន្តទៀត៕








































