គ្រួសារកុមាររងគ្រោះដោយអំពើហិង្សា និងមានជីវភាពខ្វះខាត ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី

05-02-2026 20:52

(បាត់ដំបង)៖ លោក ទេព ហន អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី បានចាត់ឱ្យលោកស្រី លឹម រដ្ឋមុនី អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាស្រុកដឹក មន្ត្រីប្រចាំការក្រុមការ
ងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាស្រុកបានចុះសួរសុខទុក្ខ ស្ត្រីនិងកុមាររងគ្រោះដោយអំពើហិង្សា ជួបការលំបាកមួយគ្រួសារ ដែលមានសមាជិក ៤នាក់ (ស្រី៤នាក់) រស់នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

នាឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ទេព ហន ប្រធានអនុសាខាស្រុក ជាពិសេស លោកសុខ លូប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកដូចនេះ ដោយមិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោកថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

គ្រួសារកុមាររងគ្រោះដោយអំពើហិង្សា និងមានជីវភាពខ្វះខាតទទួលបានអំណោយដូចជា អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួ, ទឹកបរិសុទ្ធ ១២យួរ និងថវិកា១០មុឺនរៀលផងដែរ៕