ប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ចូលជួបអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
05-02-2026 20:58
(វៀតណាម)៖ លោក ម៉ែន គុង ជាអភិបាលរងខេត្តតំណាងលោក លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងគណៈប្រតិភូខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ រដ្ឋបាលខេត្តស្ទឹងត្រែង និងកងកំលាំងទាំង ៣ប្រភេទ ចូលលោកស្រី ង្វៀន ធិថាញ់លីច សមាជិកគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។
នាឱកាសនោះ ម៉ែន គុង បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង ដល់លោក ថៃ ដាយង៉ក សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស ជាលេខាបក្សខេត្ត លោក ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តយ៉ាឡាយ ប្រទេសវៀតណាម តាមរយៈលោកជំទាវ ង្វៀន ធិថាញ់លីច ។
លោកប្រធានគណៈប្រតិភូ សម្តែងការអបអរសាទរ ក្នុងឱកាសសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ និងចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាដែល លោកប្រធាន គណៈកម្មាធិការប្រជាជន និងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មន្ត្រីរដ្ឋការ សម្រេចបានជូនជាតិមាតុភូមិ និងប្រជាជនខេត្តយ៉ាឡាយក្នុងរយៈពេល៥ឆ្នាំនៃសមាជជាតិលើកទី១៣ ឆ្នាំ២០២១-២០២៥កន្លងមក។
ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ខេត្តស្ទឹងត្រែង(កម្ពុជា) និងខេត្តយ៉ា ឡាយ(វៀតណាម) គឺឈរលើស្មារតីកិច្ចសហការជាបងប្អូន រវាងប្រទេសទាំងពីក្នុងរយៈពេលកន្លងទៅនេះ ថ្នាក់ដឹកនាំ អាជ្ញាធរ នឹងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ សហការគា្នទៅវិញទៅមក ទទួលបានលទ្ធផលល្អប្រសើរ ដែលជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាព យូរអង្វែង ទាំងការងារ ដឹកនាំ ការអភិវឌ្ឍន៍ ការទំនាក់ទំនង ការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ហើយក្នុងរយៈពេលកន្លងមកនេះ គឺប្រកបដោយស្មារតីជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ។
លោក ម៉ែន គុង ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា យើងរួមជាមួយគណៈកម្មការជំនាញ និងបន្តកិច្ចសហការគ្រប់ជ្រុងជ្រោយក្នុងការរុករកអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត និងភាគីវៀតណាមឱ្យបានជោគជ័យ។ដែលប្រជាជនកម្ពុជា ចងចាំមិនភ្លេចទេជាមួយ កងទ័ពស្ម័គ្រចិត្ត និងភាគីវៀតណាម ដែលបានរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ពលពត នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការនេះផងដែរ លោក អភិបាលរងខេត្ត បានស្នើដល់ភាគីវៀតណាម ជួយជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ជាពិសេសលើវិស័យកសិកម្ម និងទេសចរណ៍ ស្របជាមួយការប្រកាសវិនិយោគ ខេត្តភាគឦសានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
នាឱកាសនោះលោកស្រី ង្វៀន ធិថាញ់លីច បានផ្តាំផ្ញើសាក់សួរសុខទុក្ខ លោក សរ សុពុត្រា និងថ្នាក់នាំទាំងអស់នៃខេត្តស្ទឹងត្រែង និងបានចាត់ទុកថា ដំណើរទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម របស់គណៈប្រតិភូ ខេត្តស្ទឹងត្រែង នៅខេត្តយ៉ាឡាយនេះ បានបង្ហាញពីទំនាក់ទំនងល្អ មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងទាំងខេត្តទាំងពីរ៕
























