រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់មន្ទីរពេទ្យខេត្តទាំ​ងអស់ ត្រូវឈរជាសសរទ្រូងនៃក្តីសង្ឃឹម ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន

05-02-2026 21:02

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរពេទ្យតាមបណ្ដាខេត្ដ ស្រុក ត្រូវឈរជាសសរទ្រូងនៃក្ដីសង្ឃឹមក្នុងការបម្រើសេវាសុខាភិបាលដ៏ល្អ និងជាទីទុកចិត្ដជូនប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន នៅពេលដែលក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់គាត់ ត្រូវការការថែទាំ ព្យាបាលពីក្រុមគ្រូពេទ្យ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពិនិត្យលទ្ធផលឆ្នាំ២០២៥ និងការរៀបចំផែនការអនុវត្តសកម្មភាពឆ្នាំ២០២៦ សម្រាប់មន្ទីរពេទ្យរាជធានី ខេត្ត នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ក្នុងឱកាសដ៏ល្អនេះក៏សូមស្នើដល់ថ្នាក់ដឹកនាំតាមមន្ទីរពេទ្យខេត្ដទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងសមត្ថភាពមន្ទីរពេទ្យរបស់ខ្លូន ឱ្យកា្លយទៅជាមន្ទីរពេទ្យមួយដ៏ល្អ ជាទីទុកចិត្ដ ដែល អាចបម្រើប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានបាន ។មួយទៀតក៏ដើម្បីបន្ថយបន្ទុកនៃមន្ទីរពេទ្យថ្នាក់ជាតិផងដែរ»

ដូច្នេះការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺមានសារៈសំខាន់ ហើយក៏ជាការប្រមូលផ្ដុំ ដើម្បីបង្កើនភាពទុកចិត្ត និងក្តីសង្ឃឹមដល់អ្នកជំងឺបន្ថែមទៀត នៅពេលដែលក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់គាត់ ត្រូវការការថែទាំ ព្យាបាល ជាពិសេសម្តាយសម្រាលកូន នៅពេលដែលអ្នកជំងឺត្រូវការការវះកាត់ ឬនៅពេលដែលត្រូវការចម្លើយរោគវិនិច្ឆ័យជាបន្ទាន់ គឺមន្ទីរពេទ្យយើង តែងតែបម្រើប្រកបដោយសុវត្ថិភាព គុណភាព សុវត្តិភាព សមភាព និងទាន់ពេលវេលា តាមការជាក់ស្តែងរបស់យើង។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងទៀតថា «ការវិនិយោគលើគុណភាពសេវាសុខាភិបាលនៅថ្ងៃនេះ គឺជាការវិនិយោគលើមូលធនមនុស្សសម្រាប់ថ្ងៃអនាគត។ បើប្រជាជនមានសុខភាពល្អ ប្រជាជននឹងមានសមត្ថភាពខ្ពស់ក្នុងការរៀនសូត្រ បង្កើនផលិតភាពនិងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ គោលដៅយុទ្ធសាស្ត្ររបស់យើង គឺការបម្រើសេវាដែលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព និងសមធម៌»។

លើសពីនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំចំនួន ៥ចំណុចបន្ថែមទៀត ដើម្បីធានាបានការអនុវត្តសម្រេចបាននូវនិរន្តរភាព គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមភាពជូនប្រជាពលរដ្ឋដូចជា៖

១៖ ថ្នាក់ដឹកនាំនៃសិក្ខាសាលានេះ ត្រូវពិភាក្សាវែកញែកឱ្យបានស៊ីជម្រៅ ដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងអំពីលក្ខន្តិកៈរបស់មន្ទីរពេទ្យ ជាមួយនឹងការផ្តល់ជាយោបល់ពីមន្ទីរពេទ្យជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានលក្ខខណ្ឌធ្វើឱ្យមានការរីកចម្រើនរំកិលចូលបរិបទ ក្នុងវិស័យហិរញ្ញប្បទានសុខាភិបាល តាមបណ្តារាជធានី ខេត្ត ស្រុក។

២៖ ត្រូវមានជាក្រុមការងារដែលមានលក្ខណៈប្រធានបទសំខាន់ៗបន្តបន្ទាប់ ដើម្បីលេចចេញមកនៅទិសដៅច្បាស់លាស់របស់មន្ទីរពេទ្យខេត្ត ឱ្យក្លាយទៅជាសកម្មភាពចាត់ចែងការងារ សម្រាប់ការអនុវត្តជាក់ស្តែង។

៣៖ មន្ទីរពេទ្យជាតិត្រូវមានទំនាក់ទំនងល្អ និងខិតខំឆ្លើយ ជួយដល់មន្ទីរពេទ្យខេត្តដែលជាសម្ព័ន្ធមេត្រីគ្នា ក្នុងភាពជាលំនាំការរៀបចំរចនាសម័្ពន្ធ (System) និងបទបញ្ជាផ្ទៃក្នុងនៅមន្ទីរពេទ្យខ្លួនឱ្យបានត្រឹមត្រូវ។ មន្ទីរពេទ្យត្រូវមានការវិនិយោគ

៤៖ ថ្នាក់ដឹកនាំ និងអ្នកជំនាញសុខាភិបាល ពិនិត្យលើដំណើរការរបស់អង្គភាពជារួម តាមបែបបទរដ្ឋបាល នៃការគ្រប់គ្រងលក្ខន្តិកៈដោយឡែក ធនធានមនុស្ស និងការទុកដាក់គ្រប់គ្រងហរិញ្ញវត្ថុបានត្រឹមត្រូវសមស្របតាមនីតិវិធី។

៥៖ សិក្ខាសាលាបន្ទាប់ត្រូវរំលេចប្រធានបទលម្អិតផ្នែកណាមួយ ដែលរួមបញ្ចូលវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ព្រមទាំងយុទ្ធសាស្រ្តអនុវត្តទាំងឡាយតាមរយៈPDIA និងមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍មកកាន់មន្ទីរពេទ្យជាតិនៅពេលខាងមុខ។

សូមជម្រាបថា សិក្ខាសាលាខាងលើនេះបានផ្តោតលើផ្នែកសំខាន់ៗ ចំនួន ៤៖ ផ្នែកថែទាំជំងឺធ្ងន់(ICU) ផ្នែកថែទាំទារកទើបនឹងកើត ផ្នែកវះកាត់ និងសេវាមន្ទីរពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះនៃការថែទាំរបស់មន្ទីរពេទ្យដោយ៖ ១) ICU ថែទាំអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរបំផុត និងប្រឈមការគ្រោះថ្នាក់ខ្ពស់ ២) NICUs ទទួលបន្ទុកចំពោះអ្នកជំងឺ មាតា ទារកទើបនឹងកើត ៣) បន្ទប់វះកាត់ ត្រូវអនុវត្តនីតិវិធី ដែលស្ដារសុខភាព និងសង្គ្រោះជីវិត ៤) មន្ទីរពិសោធន៍បង្ហាញលទ្ធផល ដើម្បីជួយដល់វេជ្ជបណ្ឌិត /គ្រូពេទ្យ ក្នុងការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងជ្រើសរើសអន្តរាគមន៍វេជ្ជសាស្រ្តឱ្យបានទាន់ពេល និងសមស្រប។ ក្នុងសិក្ខាសាលានេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងស្រុក ចំនួន ៣០០នាក់ និងតាមប្រព័ន្ធអនឡាញ Zoom ចំនួន ៦៤៥នាក់៕