អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ជំរុញដល់អ្នកជំនាញពាក់ព័ន្ធ បន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពរបស់អ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់
05-02-2026 21:42
(ភ្នំពេញ)៖ លោក វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានជំរុញលើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធ ជាពិសេសវេជ្ជបណ្ឌិតឯកទេស ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗបន្ថែមទៀត ក្នុងការព្យាបាលជូនអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ដ្រ ដោយផ្អែកតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែល មានចក្ខុវិស័យវែងឆ្ងាយផ្តល់អាទិភាពទៅលើការបង្កើតមូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ទៅសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»។
ការថ្លែងក្នុងដូច្នេះរបស់លោកក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី «ការថែទាំ និង ការប្រើប្រាស់អាហារូបត្ថម្ភ សម្រាប់ក្រុមគ្រូពេទ្យវះកាត់ (Nutrition Care & Protocol Setup in Surgery: A Surgeon’s Guide to Best Practice)» នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សាលសន្នីសីទអគារតេជោសន្តិភាព ជាន់ទី៨។
លោកបានថ្លែងបន្ដថា ក្នុងនាមតំណាងលោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកបទពិសោធន៍ រវាងអ្នកជំនាញក្នុងគោលបំណងបណ្តុះបណ្តាលនូវចំណេះដឹងគោលក្នុងការថែទាំ និងប្រើប្រាស់អាហារូបត្ថម្ភ ជូនដល់ក្រុមគ្រូពេទ្យវះកាត់ទាំងអស់ក្នុងមន្ទីរពេទ្យកាល់ម៉ែត រួមមានផ្នែកសល្យសាស្រ្តុ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកសល្យសាស្រ្តប្រព័ន្ធប្រសាទ និងផ្នែកវះកាត់បេះដូង បន្ថែមពីនេះទៅទៀត ក៏មានការចូលរួមពីសំណាក់គិលានុបដ្ឋាក ក៏ដូចជាក្រុមគ្រូពេទ្យអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងគោលដៅជួយពង្រឹងគុណភាពព្យាបាលអ្នកជំងឺ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងការបច្ចេកទេសវះកាត់បានត្រឹមត្រូវ និងជោគជ័យ សារពាង្គកាយរបស់អ្នកជំងឺទាមទារឱ្យមានការទទួលទានរបបអាហារតាមប្រភេទជំងឺ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ធ្វើឱ្យសុខភាពរបស់អ្នកជំងឺឆាប់វិលត្រឡប់មកស្ថានភាពល្អ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ បង្ការការចម្លងមេរោគផ្សេងៗយ៉ាងមានប្រសិទ្ធភាព។
លោក វូ សុភៈរស្មី បានគូសបញ្ជាក់ទៀតថា «ក្នុងនាមវេជ្ជបណ្ឌិតឯកទេស ការប្តេជ្ញាចិត្តបន្តពង្រឹងជំនាញរបស់យើង និងបង្កើនកិច្ចសហការរវាងអង្គភាព និងអង្គភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពទាំងឡាយរបស់អ្នកជំងឺ ដោយឈរលើគោលការណ៍ និងពិធីសាររួមគ្នា ព្រមទាំងការប្រកាន់ភ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ»។
ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត លោកក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវាគ្មិនជាតិ និងអន្តរជាតិ ដែលបានខិតខំសាមគ្គីភាពគ្នា ហើយជួបជុំគ្នា ដើម្បីចែករំលែក និងស្វែងយល់អំពីវិធីសាស្ត្រស៊ីជម្រៅ បង្កើនគុណភាពព្យាបាល ជាពិសេសជួយឱ្យអ្នកជំងឺឆាប់បានជាសះស្បើយ និងវិលត្រឡប់ទៅសភាពធម្មតាវិញ ក្នុងរយៈពេលកាន់តែខ្លី៕




















