អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានសុខភាពសត្វ អនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៧ បន្ថែមទៀត មានសិទ្ធិក្នុងការនាំចូលមុខទំនិញសាច់បង្កក
06-02-2026 07:23
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិចំនួន ៧ ក្រុមហ៊ុនបន្ថែមទៀត ក្នុងការនាំចូលមុខទំនិញសាច់បង្កក។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកុម្ភៈនេះ។
សូមជម្រាបថា ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
* មានកម្មវត្ថុអាជីវកម្មសមស្របដូចជា «នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់»
* មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់
* ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និង
* ត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប»៕






