លោក រ៉ូហ្វី អូស្មាន ចែកកញ្ចប់អាហាររ៉ម៉ាឌន ចំនួន៤៥០កញ្ចប់ និងផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋខ្វះខាត នៅខេត្តកំពត
06-02-2026 08:43
(កំពត)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីចែកកញ្ចប់អាហាររ៉ម៉ាឌនចំនួន ៤៥០កញ្ចប់ និងផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋខ្វះខាត នៅខេត្តកំពត ដោយអំណោយនេះ ទទួលបានពីសប្បុរសជនសិង្ហបុរីតាមរយៈគ្លីនិកមើត ឌុលសេត។
ថ្លែងនាឱកាសសំណេះសំណាល លោក រ៉ូហ្វី អូស្មាន សម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះសប្បុរសជនសិង្ហបុរី ដែលជានិច្ចជាកាលតែងតែផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងខេត្តកំពត តាមរយៈគ្លីនិកមើត ឌុលសេត។ ជាមួយគ្នានេះ លោកបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។
លោកបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងធ្វើឲ្យរីកចម្រើនលើគ្រប់វិស័យ ធានាបាននូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនា នៅកម្ពុជា ដោយគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជាផងដែរ។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមពិនិត្យឲ្យបានច្បាស់មុននឹងជឿ ឬចែករំលែកព័ត៌មានផ្សេងៗ ជាពិសេសរឿងរ៉ាវពាក់ព័ន្ធនឹងព្រំដែន ហើយត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចូលរួមថែរក្សាសន្តិភាពដែលយើងមានសព្វថ្ងៃនេះ ព្រោះវាមានតម្លៃណាស់៕




