អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោក ធ្នាំ (ធម្ម) ប៊ុនស្រុន អតីតអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា អាណត្តិទី២ និងអតីតភិបាលក្រុងព្រះសីហនុ

06-02-2026 10:09

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី ធ្នាំ សួរស្តី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ធ្នាំ (ធម្ម) ប៊ុនស្រុន អតីតអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា អាណត្តិទី២ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៣ឆ្នាំ។

តាមរយៈសារលិខិតនេះ អ្នកឧកញ៉ា គិត ម៉េង និងភរិយា ព្រមទាំំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ មានសេចក្ដីតក់ស្លុតក្ដុកក្ដួល ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ដោយទទួលដំណឹងដ៏ក្រៀមក្រំនៃមរណភាពរបស់​លោក ធ្នាំ (ធម្ម) ប៊ុនស្រុន។

ការទទួលមរណភាពរបស់ លោក ធ្នាំ (ធម្ម) ប៊ុនស្រុន ជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុតនូវ ស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌
ដែលខិតខំចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារយ៉ាងល្អប្រសើរ ដោយមិនគិតពីការនឿយហត់ និងលំបាកលំបិន ហើយជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ទាំងកម្លាំងកាយ និងប្រាជ្ញាស្មារតី មិនគិតពីការនឿយហត់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ សង្គមជាតិ រហូតដល់ទីអវសានជីវិតរបស់លោក។

នៅក្នុងវេលាប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយលោកស្រី ធ្នាំ សួរស្តី ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធលោក ធ្នាំ (ធម្ម) ប៊ុនស្រុន សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោក ធ្នាំ (ធម្ម) ប៊ុនស្រុន កើតនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៤២ នៅខេត្តកំពត។

* នៅឆ្នាំ១៩៦៥ លោកធ្វើការនៅក្រសួងមហាផ្ទៃ មានឋានៈអនុរដ្ឋមន្ត្រី
* ឆ្នាំ ១៩៧២ ដល់ ឆ្នាំ១៩៧៥ ជាទីប្រឹក្សាស្ថានទូតខ្មែរប្រចាំក្រុងកាន់បេរ៉ា អូស្ត្រាលី
* ឆ្នាំ១៩៩៤ ដល់ ១៩៩៩ ជាអភិបាលក្រុងព្រះសីហនុ
* នីតិកាលទី១ (២០០៣ ដល់ ២០០៦) ជាសមាជិកព្រឹទ្ធសភា
* នីតកាលទី២ ជាអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា៕