បរិមាណទឹកខ្វក់ចេញពីរោងចក្រសហគ្រាសជាង ៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ត្រូវបានទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន

06-02-2026 11:10

(ភ្នំពេញ)៖ សំណល់រាវកខ្វក់ចេញពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានាចំនួន ៧០ ៨៧៥ម៉ែត្រគូបក្នុង១ថ្ងៃ និងចំនួន ជាង២លានម៉ែត្រគូប ក្នុងមួយខែ ត្រូវបានទប់ស្កាត់មិនឱ្យមានការប៉ះពាល់ ដល់សុខភាពសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។

ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវកខ្វក់ បានចំនួនជាង ២០លានម៉ែត្រគូប។ ដោយឡែកនៅក្នុងខែមករា ឆ្នាំ២០២៦ បរិមាណទឹកខ្វក់ ចេញពីរោងចក្រសហគ្រាសចំនួនជាង ២ ១៩៧ ១២៥ម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលបរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា លទ្ធផលសម្រេចបាននេះ គឺក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ហើយរោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលមានសក្តានុពលប្រភពបំពុល ដោយសំណល់រាវចេញពីទីតាំងរបស់ខ្លួន ប្រភេទរោងចក្របោកគក់ ជ្រលក់ពណ៌ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច ដោយប្រើប្រាស់វត្ថុដើមគីមីជាដើម បានចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវនាពេលកន្លងមក។

លោក ខ្វៃ អាទិត្យា បានលើកឡើងថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ចំនួន៥៥កន្លែងនៅទូទាំងប្រទេស បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចរាល់ហើយ។ ផលប្រយោជន៍នៃការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គឺអាចត្រួតពិនិត្យ និងតាមដានពីចម្ងាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ រួមទាំងគុណភាពសំណល់រាវត្រូវបញ្ចេញ ដោយចាំមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់។

លើសពីនេះ យុទ្ធនាការបានលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ សហគ្រាស និងកាត់បន្ថយការ ចុះត្រួតពិនិត្យផ្ទាល់ពីមន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់អ្នកវិនិយោគ។ មន្រ្តីជំនាញ ចូលរួមទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តង់ដារ អនុញ្ញាតឱ្យបញ្ចេញចោល ការលេចធ្លាយ ឬការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាសជាដើម។ ម៉្យាងវិញទៀត ទិន្នន័យបរិមាណ និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះមានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យត្រូវបានកំណត់ក្នុងមាត្រា១៧៨ របស់ក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបញ្ជាក់ថា បុគ្គល ឬ ម្ចាស់ទីតាំងផលិតកម្ម ធ្វើអាជីវកម្ម ឬសេវាកម្មដែលការបញ្ចេញសំណល់អាចបង្កហានិភ័យបំពុលបរិស្ថានក្នុងកម្រិតខ្ពស់ ត្រូវអនុវត្តស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន នៅក្នុងទីតាំងរបស់ខ្លួន ដោយត្រូវអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ដែលកំណត់ដោយក្រមនេះ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕