និយ័តករបរធនបាលកិច្ច រៀបចំសិក្ខាសាលាស្តីពី «យន្តការបរធនបាលកិច្ច ក្នុងបរិការណ៍នៃការវិវត្តថ្មីៗ»

06-02-2026 11:29

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្តីពី «យន្តការបរធនបាលកិច្ច ក្នុងបរិការណ៍នៃការវិវត្តថ្មីៗ» នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួម ដោយវាគ្មិនកិត្តិយសដែលសុទ្ធសឹងជាអ្នកជំនាញ ក្នុងវិស័យបរធនបាលកិច្ច, វិស័យធនាគារ និងវិស័យវាយតម្លៃអចលនវត្ថុ រួមមាន៖ លោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច, បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី, ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និង លោក ហុង ជៀប ប្រធាននាយកប្រតិបត្តិធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។

នៅក្នុងកម្មវិធីនេះ វាគ្មិនបានផ្តោតការពិភាក្សាអំពីកំណើនយ៉ាងឆាប់រហ័ស របស់ទីផ្សារបរធនបាលកិច្ច ដែលការណ៍នេះ គឺបានឆ្លុះបញ្ចាំងពីនិន្នាការកើនឡើង នៃការងាកទៅការ ប្រើប្រាស់យន្តការ បរធនបាលកិច្ចនៅក្នុងសកម្មភាពវិនិយោគឯកជន និងសាធារណក្នុងវិស័យផ្សេងៗ និងពិភាក្សាអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់យន្តការ បរធនបាលកិច្ចដែលជាយន្តការផ្តល់ទំនុកចិត្តខ្ពស់ និងមានយន្តការតាមដាន និងត្រួតពិនិត្យច្បាស់លាស់។

លើសពីនេះ កម្មវិធីនេះក៏បានពិភាក្សាអំពីនិន្នាការនៃកំណើនក្នុងការប្រើប្រាស់ផលិតផលបរធនបាលកិច្ចសក្ដានុពលផ្សេងៗផងដែរ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ និងលោក លោកស្រី តំណាងក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងសិក្ខាកាមនៃកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៨ ផងដែរ៕