ស្ថានទូតកម្ពុជានៅកូរ៉េ សហការជាមួយសម្ព័ន្ធធុរកិច្ចសកល ជំរុញវេទិកាពាណិជ្ជករ និងឱកាសវិនិយោគ

06-02-2026 11:32

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក OH SINAN OZTURK ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធធុរកិច្ចសកល (Global Business Alliance- GBA) នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

លោក OH បានជម្រាបជូន លោកឯកអគ្គរាជទូតថា ក្នុងរយៈពេលមិនដល់១០ឆ្នាំផង សម្ព័ន្ធធុរកិច្ចសកល GBA បានបង្កើនចំនួនសមាជិករបស់ខ្លួនរហូតដល់៦៥ប្រទេស និងបានរៀបចំវេទិកាជំនួបធុរកិច្ចជាច្រើនរវាងក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងៗ លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ជាដើម។

លោកក៏បានបន្តថា ក្នុងចំណោមប្រទេសសមាជិកទាំងអស់ លោក OH បានកត់សម្គាល់ឃើញថាសហគមន៍ខ្មែរនៅកូរ៉េមានទំហំធំ តែភាគច្រើនពួកគាត់មកធ្វើការ និងមិនសូវបានចាប់អារម្មណ៍ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅកូរ៉េទេ ហេីយ​លោកសង្ឃឹម​ថា​ ប្រជាជនខ្មែរនៅកូរ៉េនឹងងាកមកចាប់អារម្មណ៍បន្ថែមទៀតលើការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងសង្ឃឹមថាអាចនឹងមានវត្តមានក្រុមហ៊ុនកម្ពុជា កាន់តែច្រើន ទាំងលើការនាំចូល និងការនាំចេញ ដើម្បីជំរុញវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរមានសន្ទុះកាន់តែខ្លាំងជាងនេះមួយកម្រិតទៀត។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានឲ្យដឹងថា ស្ថានទូតមានគម្រោងចចារជាមួយក្រសួងការងាររបស់ប្រទេសកូរ៉េ ដើម្បីឱ្យបងប្អូនពលករខ្មែរអាចមានឱកាសទទួលបានទិដ្ឋាការពលករជំនាញ ដែលវានឹងបង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការធ្វើការ រឺ រស់នៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោកក៏បានសំណូមពរ GBA ឱ្យជួយសហការជាមួយស្ថានទូតក្នុងការរៀបចំជំនួបពាណិជ្ជករកម្ពុជា និងកូរ៉េ ដើម្បីបង្កើតឱកាសវិនិយោគកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ៕