អគ្គនាយកស៉ីម៉ាក់៖ សង្គ្រាមថៃឈ្លានពាន បង្កផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ លើភូមិចំនួន៣៤០ ពលរដ្ឋជាង ៩ម៉ឺ​ន​គ្រួសារ ផ្ទៃដី៤៤ម៉ឺនហិកតា (Video inside)

06-02-2026 13:11

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ឱ្យដឹងថា សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើកកន្លងទៅថ្មីៗ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន​ គ្រាប់អាវុធសារធាតុគីមី​ និងគ្រាប់យុទ្ធភណ្ឌ​ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា​ និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ។

លោក ហេង រតនា បានបញ្ជាក់ដូច្នេះ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូ CMAC និងអង្គការ NPA របស់អាមេរិក ក្រោមគម្រោង «ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា» ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអាមេរិក។

លោក ហេង រតនា បានបញ្ជាក់ដូចនេះថា «សង្គ្រាមកម្ពុជា-ថៃ ទាំងពីរលើកនេះ យើងដឹងថាមានភូមិចំនួនប្រមាណ ៣៤០ភូមិរងផលប៉ះពាល់ មានទំហំផ្ទៃដីប្រមាណ ៤៤១ ០០០ហិកតា​ ដែលសង្ស័យថារងប៉ះពាល់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយប៉ះពាល់គ្រួសារប្រមាណ ៩១ពាន់គ្រួសាររបស់ប្រជាជនកម្ពុជាយើង»

លោក ហេង រតនា បានបន្ថែមថា នេះគឺជាភារកិច្ចយ៉ាងសំខាន់ដែលអង្គភាពស៊ីម៉ាក់ ត្រូវធ្វើការបោសសំអាត, ក្នុងមានរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយគាំទ្រដល់កម្ពុជា ក្នុងការបោសសំអាតមីនដែលបន្សល់ទុកពីសង្គ្រាមកម្ពុជា-ថៃ នាពេលនេះ ហើយកន្លងមករដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានរួមចំណែកជួយដល់ប្រទេសកម្ពុជា លើផ្នែកជាច្រើនក្នុងបេសកកម្មបោសសំអាតមីននេះផងដែរ។

លោក ហេង រតនា បានបន្ថែមទៀតថា សម្រាប់ជំនួសថវិកាពីសហរដ្ឋអាមេរិក ដែលផ្តល់មកកម្ពុជាក្នុងបេសកម្មបោសសំអាតមីននេះ នឹងយកទៅអន​ុវត្តន៍ទៅលើគម្រោងសំខាន់រួមមាន គម្រោងបោសសំអាតមីនសម្រាប់ខេត្តដែលរងផលប៉ះពាល់ពីសង្គ្រាមនាពេលកន្លងមក, អនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ​ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ដោយសារគ្រាប់មីន ហើយនឹងមានគម្រោងពង្រឹងសមត្ថភាពផ្សេងៗទៀត៕