ស៉ីម៉ាក់បើកប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅខេត្តឧត្តរមានជ័យ ក្រោមជំនួយរបស់អាមេរិក

06-02-2026 13:25

(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការក្រោមគម្រោង «ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា»

គម្រោងនេះទទួលបានការគាំទ្រថវិកាពីសហរដ្ឋអាមេរិក តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយអង្គការ NPA។

​ក្នុងឱកាសនេះដែរ លោកបានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តភារកិច្ចប្រកបដោយភាពហ្មត់ចត់ គោរពបទបញ្ជា និងបទដ្ឋានប្រតិបត្តិការ (SOP) របស់អង្គភាពឱ្យបានម៉ឺងម៉ាត់។

លោកបានសង្កត់ធ្ងន់ថា ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាការងារដែលប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតបំផុត ដូច្នេះមិនអាចមានការធ្វេសប្រហែសបានឡើយ។​ការណែនាំនេះមានសារសំខាន់ជាសារវន្ត ចំពោះសកម្មភាពបោសសម្អាតសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់សារធាតុ/អាវុធគីមី ក៏ដូចជាគ្រាប់ដ្រូន (Drone) ផ្សេងៗ។

​សូមជម្រាបជូនថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ អគ្គនាយក CMAC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងខាងលើ ជាមួយអង្គការ NPA ដែលមានកញ្ចប់ថវិកាសរុបចំនួន ៥ ០០០ ០០០ ដុល្លារអាមេរិក។ ក្នុងនោះអង្គភាព CMAC ទទួលបានថវិកាគាំទ្រដោយផ្ទាល់ចំនួន ៤ ០០០ ០០០ ដុល្លារអាមេរិក សម្រាប់អនុវត្តកិច្ចប្រតិបត្តិការចំនួន ៣ គម្រោង៕