សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦
06-02-2026 14:45
(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តនៅឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ នៅសាលសន្និបាតសាលាយុត្តិធម៌ អនុលោមតាម មាត្រា៥៤ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។
អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តនៅឆ្នាំ២០២៦ មានការចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អគ្គលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តីរដ្ឋបាល មន្រ្តីជាប់កិច្ចសន្យា នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សរុបចំនួន ១៩២នាក់។
ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦, លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានលើកឡើងថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អនុលោមតាមស្មារតីនៃមាត្រា៥៤ នៃច្បាប់ស្តីពីការ រៀបចំអង្គការតុលាការ។
ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ មួយឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលល្អប្រសើរ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងរយៈពេលពេញមួយឆ្នាំនេះ។ លទ្ធផលទាំងអស់នេះ បានមកពីការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ស្របតាមតួនាទី ភារកិច្ចដែលមានកំណត់ក្នុងច្បាប់ ដោយគោរពតាមគោលការណ៍យុត្តិធម៌និងច្បាប់ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ដែលតម្រូវឱ្យមន្រ្តីយកចិត្តទុកដាក់អនុវត្ត ស្របតាមគោលការណ៍ច្បាប់ និងគោលនយោបាយកំណែទម្រប់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ឆ្លងកាត់តាមអង្គសន្និបាត បានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងបានពិភាក្សាពីបញ្ហាប្រឈម ដោយមតិយោបល់យ៉ាងផុសផុល និងមានមតិឯកភាពគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ អង្គសន្និបាត សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានកំណត់ទិសដៅការងារអនុវត្តបន្ត ០៩ចំណុច ដូចតទៅ៖
*១៖ បន្តជំរុញការជំនុំជម្រះសំណុំរឿងក្ដីអាទិភាពរួមមាន សំណុំរឿងគ្រឿងញៀន សំណុំរឿងចរាចរណ៍ សំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងក្មេងទំនើង សំណុំរឿងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ យុត្តិធម៌ និងឆាប់រហ័ស។
*២៖ បន្តជំរុញការជំនុំជម្រះសំណុំរឿងផលិតភាព ឱ្យបានត្រឹមត្រូវ យុត្តិធម៌ និងឆាប់រហ័ស។
*៣៖ បន្តជំរុញការងារពន្លឿន និងការដោះស្រាយរឿងក្ដីនៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ស្របតាមសេចក្ដីសម្រេចលេខ ០១ កយ.សសរ/២៤ ចុះថ្ងៃ៤ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌។
*៤៖ បន្តជំនុំជម្រះតាមគោលការណ៍ឆាប់រហ័សសំណុំរឿងក្តីព្រហ្មទណ្ឌអាទិភាព រួមមាន៖ បទជួញដូរផ្លូវភេទ បទវិតិក្រម បទសម្អាតប្រាក់ បទពុករលួយ បទល្មើសពន្ធដារ និងគយ បទល្មើសប្រឆាំងនឹងសន្តិសុខសង្គម រឿងក្ដីអនីតិជន រឿងក្ដីដែលមានជនជាប់ចោទជាស្រ្តីក្រីក្រ មានផ្ទៃពោះ និងមានកូនតូចក្នុងបន្ទុក រឿងក្តីដែលសាលាដំបូងប្រកាសផ្ដន្ទាទោសលើជនជាប់ចោទអប្បបរមា និងរឿងក្ដីដែលសាលាដំបូងសម្រេចឱ្យជនជាប់ចោទដែលជាប់ឃុំរួចខ្លួន ដោយមានបណ្តឹងឧទ្ធរណ៍របស់តំណាងអយ្យការ។ រឿងក្តីទាំងអស់នេះ ត្រូវចុះក្នុងប្រព័ន្ធទិន្ន័យ ចុះបញ្ជីដោយដៃបញ្ជូនចេញ និងដាក់កម្មវិធីជំនុំជម្រះ ឱ្យបានឆាប់រហ័ស ស្របតាមគោលការណ៍ច្បាប់។
*៥៖ បន្តអនុវត្តគោលការណ៍ឆាប់រហ័ស ការជម្រុញចេញ និងការបញ្ជូនចេញសេចក្តីសម្រេចគ្រប់ប្រភេទជាអាទិ៍ សេចក្តីសម្រេចមិនទាន់ស្ថាពរ និងស្ថាពរ ដល់ភាគីពាក់ព័ន្ធ ជាពិសេសជនជាប់ឃុំ ស្របតាមនីតិវិធី។
*៦៖ បន្តធ្វើអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងរាជធានី-ខេត្ត និងអធិការកិច្ចពន្ធនាគារ ក្នុងដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីធានាដល់ដំណើការល្អនៃមន្ទីរស៊ើបសួរ។
*៧៖ បន្តធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងរាជធានី-ខេត្ត អង្គភាពនគរបាលយុត្តិធម៌ និងពន្ធនាគារ ក្នុងដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់។
*៨៖ បន្តពង្រឹង និងកែលម្អការគ្រប់គ្រងយន្តការរដ្ឋបាលតុលាការឱ្យកាន់តែល្អប្រសើរ។
*៩៖ រៀបចំយន្តការអនុវត្តច្រកចេញចូលតែមួយ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ។
ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តនៅឆ្នាំ២០២៦, លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងមួយឆ្នាំកន្លងទៅនេះ។ សមិទ្ធផលដែលសម្រេចបាននេះ ជាលទ្ធផលដែលកើតចេញពីមហាកម្លាំងសាមគ្គី រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយដោយឆន្ទៈមោះមុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ស្របតាមតួនាទី ភារកិច្ច សិទ្ធិអំណាច ដែលមានកំណត់ក្នុងច្បាប់។
ជំនួសមុខឱ្យអង្គសន្និបាតទាំងមូល ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានសម្តែងនូវការចូលរួមអបអរសាទរ និងកោតសរសើរដោយស្មោះជូនចំពោះ ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានយកចិត្តទុកដាក់អនុវត្តការងារអស់ពីកម្លាំងកាយចិត្ត កម្លាំងប្រាជ្ញា ប្រកបដោយស្មារតីទទួលខុសត្រូវ និងនាំមកនូវសមិទ្ធផលដ៏ធំធេង ជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។
ដើម្បីអនុវត្តឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព សម្រេចបានលទ្ធផលល្អស្របតាមទិសដៅការងារក្នុងឆ្នាំ២០២៦ និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្តិធម៌ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដី និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការរបស់ក្រសួងយុត្តិធម៌ ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានផ្តល់មតិណែនាំ ៩ចំណុច ដូចខាងក្រោម៖
*១៖ បន្តកំណត់កាលបរិច្ឆេទជំនុំជម្រះសំណុំរឿងអាទិភាពរួមមាន សំណុំរឿងគ្រឿងញៀន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ សំណុំរឿងក្មេងទំនើង សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសំណុំរឿងអត្រានុកូលដ្ឋានឱ្យបានឆាប់រហ័ស ដោយឈរលើគោលការណ៍ច្បាប់។
*២៖ បន្តកំណត់កាលបរិច្ឆេទជំនុំជម្រះសំណុំរឿងក្តីគ្រប់ប្រភេទ ទាំងសំណុំរឿងចាស់ សំណុំរឿងថ្មី ដើម្បីជម្រុញល្បឿនដោះស្រាយសំណុំរឿងផលិភាពឱ្យបានឆាប់រហ័ស ដោយឈរលើគោលការណ៍ច្បាប់។
*៣៖ ត្រូវខិតខំរៀបចំសេចក្តីសម្រេចគ្រប់ប្រភេទឱ្យមានលក្ខណៈត្រឹមត្រូវ ទាំងផ្នែកអង្គហេតុ សំអាងហេតុ និងផ្នែកសេចក្តីសម្រេចដែលមានកំណត់ក្នុងច្បាប់។
*៤៖ បន្តអនុវត្តការងារបញ្ជូនសេចក្តីសម្រេចគ្រប់ប្រភេទ ដល់ភាគីពាក់ព័ន្ធ ពិសេសជនជាប់ឃុំឱ្យបានឆាប់រហស់ស្របតាមនីតិវិធី។
*៥៖ បន្តធ្វើអធិការកិច្ច នៅមន្ទីរស៊ើបសួរ អយ្យការអមសាលាដំបូង អង្គភាពនគរបាលយុត្តិធម៌ និងពន្ធនាគារ ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។
*៦៖ បន្តពង្រឹងនិងចាត់វិធានការកែលម្អការគ្រប់គ្រង និងការត្រួតពិនិត្យរដ្ឋបាលតុលាការឱ្យកាន់តែល្អប្រសើរ ដោយផ្តើមចេញពីការរៀបចំយន្តការអនុវត្តច្រកចេញចូលតែមួយ ដើម្បីធានាបាននូវដំណើរការ នៃការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធតុលាការ។
*៧៖ ត្រូវបន្តពង្រឹង និងលើកកម្ពស់ការងារសមភាពយេនឌ័រ របស់រាជរដ្ឋភិបាល ក្នុងការបញ្ជ្រាបយេនឌ័រជាកិច្ចការអន្តរវិស័យ ដើម្បីធានាការចូលរួមអនុវត្តការងារគ្រប់ផ្នែកគ្រប់វិស័យរបស់ស្ត្រី និងការគាំទ្រ ការលើកកម្ពស់ស្ត្រី ក្នុងការអនុវត្តការងារ ការផ្តល់ឋានៈនិងតួនាទីរបស់ស្រ្តីឱ្យកាន់តែល្អប្រសើរ។
*៨៖ ត្រូវបន្តខិតខំរៀនសូត្រ រៀនសូត្រពីការងារ ពីកំហុស ដកបទពិសោធន៍ ដើម្បីបង្កើនសមត្ថភាព ប្រកបដោយគំនិតនិងភាពច្នៃប្រឌិត ដោយប្រកាន់យកគុណភាព ភាពទៀងត្រង់ និងសុចរិតយុត្តិធម៌ ជាចម្បង ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវ។
*៩៖ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានហ្មត់ចត់ ដោយប្រកាន់ខ្ជាប់នូវ អភិក្រមទាំងប្រាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានខ្លឹមសារថា «មន្ត្រីរាជការ ជាខ្ញុំបម្រើរបស់រាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់របស់រាស្រ្តទេ» និងត្រូវចងចងចាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា «សម្អាតផ្ទះយើង» ព្រមទាំងអនុវត្តឱ្យបានម៉ឺនម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលមានចែងក្នុងច្បាប់។
ជាចុងក្រោយ, ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង អគ្គព្រះរាជអាជ្ញា បានប្រគល់ បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានស្នាដៃក្នុងការបំពេញការងារ និងបានចូលរួមឧបត្ថម្ភស្បៀង ជួយដល់គ្រួសារវីរកងទ័ពជួរមុខ និងគ្រួសារភៀសសឹក ដោយសារសង្គ្រាមឈ្លានពានពីប្រទេសថៃ៕































































