មន្ត្រី CMAC បង្ហាញរណ្តៅគ្រាប់បែក MK84 ជាអាវុធហាមប្រាមមិនឱ្យប្រើលើគោលដៅស៉ីវិល តែយោធាថៃ បានទម្លាក់កម្ទេចផ្លូវជាតិលេខ៥៨ អំឡុងឈ្លានពានទឹកដីកម្ពុជា (Video inside)

06-02-2026 14:50

(ឧត្តរមានជ័យ)៖ លោក ជិន ប៊ុនហឿត អនុប្រធានកងឯកភាពកម្ចាត់មីន (ស៊ីម៉ាក់) ឈរជើងនៅទិសឧត្តរមានជ័យ (ទិសទី៣) បានធ្វើបទបង្ហាញពីផលប៉ះពាល់ និងរណ្តៅគ្រាប់បែកMK84 ដែលយោធាថៃ ទម្លាក់កម្ទេចកំណាត់ផ្លូវជាតិលេខ៥៨ ត្រង់គីឡូម៉ែត្រលេខ១៣៥ នៅភូមិមនោរម្យទី១ ឃុំគោលមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា លើកទី២។

រៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានជាតិចំនួន១២ ស្ថាប័ន មកពីរាជធានីភ្នំពេញ ដែលដឹកនាំដោយក្រសួងព័ត៌មាន នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីស៉ីម៉ាក់ បានឱ្យដឹងថា នៅអំឡុងសង្គ្រាមឈ្លានពានមកលើដែនអធិតេយ្យភាពកម្ពុជា លើកទី២ យោធាថៃ បានប្រើប្រាស់យន្តហោះនាំគ្រាប់បែកប្រភេទ MK84 មកទម្លាក់ផ្តាច់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវមួយសម្រាប់ធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋស៉ីវិល នៅស្រុកបន្ទាយអំពិល ក្រុងសំរោង និងជាដង្ហើមតភ្ជាប់ទៅកាន់ផ្លូវផ្សេងៗទៀត។ សកម្មភាពរបស់យោធាថៃ បានបង្ហាញពីភាពសាហាវព្រៃផ្សៃចំពោះជនស៉ីវិលស្លូតត្រង់កម្ពុជា ពីព្រោះផ្លូវនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋរត់ភៀសសឹក ទៅកាន់មណ្ឌលសុវត្ថិភាព ទៅរកសេវាសុខាភិបាល និងការដឹកជញ្ជូនកសិផលផ្សេងៗជាដើម។

លោកបានគូសបញ្ជាក់ថា យោងទៅតាមអនុសញ្ញាអូតាវ៉ា និងច្បាប់អន្តរជាតិ គឺបានហាមប្រាមដាច់ខាតមិនឱ្យយោធាប្រើប្រាស់អាវុធធុនធ្ងន់ប្រភេទMK84 ឬត្រកូលMK ព្រមទាំងប្រភេទគ្រាប់បែកចង្កោម និងផ្សែងពុលសម្រាប់វាយប្រហារនៅលើគោលដៅស៉ីវិលជាដាច់ខាត ក៏ប៉ុន្តែ សកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកកម្ពុជា គឺភាគីថៃ បានប្រើប្រាស់សព្វាវុធប្រភេទនេះទាំងពីរលើក ដែលបណ្តាលឱ្យលំនៅឋាន វត្តអារ៉ាម សាលារៀន មណ្ឌលសុខភាព ផ្លូវ ថ្នល់ បានរងការខូចខាតឥតគណនា។

នៅក្នុងភូមិសាស្ត្រនៅខេត្តឧត្តរមានជ័យ រាយប៉ាយទៅដោយគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ និងការបាញ់ផ្លោង ដែលយោធាថៃបានប្រើប្រាស់ ក្នុងអំឡុងពេលបើកការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា កាលកំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

លោកបានថ្លែងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់បច្ចុប្បន្ននេះ ក្រុមជំនាញរបស់ស៊ីម៉ាក់ បានចុះហ៊ុព័ទ្ធតំបន់គ្រោះថ្នាក់មានគ្រាប់បែកចង្កោមចំនួន ១ ៩០៦ទីតាំង ក្នុងនោះរកឃើញគ្រាប់នៅលើដីចំនួន១៣០ទីតាំង, រកឃើញគ្រាប់លិចកប់ក្នុងដីចំនួន ១២៧ទីតាំង, រកឃើញរណ្ដៅគ្រាប់ចំនួន ១ ៦៤៩រណ្ដៅ។ ទីតាំងទាំងនោះមានទាំងក្នុងផ្ទះ និងភូមិឋានរបស់ប្រជាពលរដ្ឋ សាលារៀន ទីវត្តអារាម ស្រែចម្ការ និងទីតាំងសាធារណៈ។

មន្ត្រីស៊ីម៉ាក់រូបនេះ បានបន្តថា ភូមិរបស់ប្រជាពលរដ្ឋចំនួន១៤០ភូមិ ត្រូវបានកំណត់ជាតំបន់គ្រោះថ្នាក់ និងចងខ្សែហ៊ុំព័ទ្ធ ដោយក្នុងចំណោមនោះភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្រេចដាក់ក្នុងតំបន់គ្រោះថ្នាក់ ខណៈសាលារៀនរងផលប៉ះពាល់ចំនួន៧កន្កែង បានធ្វើការបោសសម្អាតរួចរួចរាល់ និងនៅតាមទីតាំងផ្សេងៗ នឹងធ្វើការបោសសំអាតជាបន្តបន្ទាប់។

ការប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងការឈ្លានពានទឹកដីកម្ពុជានេះ គឺជាការរំលោភនឹងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុក ដោយសារតែគ្រាប់បែកចង្កោម ជាអាវុធដ៏គ្រោះថ្នាក់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល៕