BREAKING: ព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋឱ្យទទួលស្វាគមន៍លោក ថងលុន ស៊ីសុលីត នៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ (Video inside)
06-02-2026 14:50
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋឱ្យទទួលស្វាគមន៍លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ព្រះបរមរាជវាំង សេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំងក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវលោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ព្រមទាំងសាធារណជនទាំងអស់ សូមមេត្តាជ្រាបថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន ។
យោងតាមមាត្រា១១ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជួយទទួលក្នុងព្រះបរមនាមជាប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ឯកឧត្តម ថងលុន ស៊ីសុលីតអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី៦-៧ខែកុម្ភៈ ឆ្នាំ២០២៦ ។
សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាប តាមការគួរ៕





