អាជ្ញាធរស្រុកទ្រាំង ចាប់ផ្ដើមបំពាក់ភ្លើងសូឡាតាមដងផ្លូវ ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ
06-02-2026 15:15
(តាកែវ)៖ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះធ្វើសកម្មភាពបំពាក់អំពូលភ្លើង ដើរដោយថាមពលព្រះអាទិត្យ (Solar) តាមដងផ្លូវនៅក្នុងភូមិសម៉រលើ ឃុំខ្វាវ ស្រុកទ្រាំង ដើម្បីបង្កលក្ខណៈងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។
លោក អ៊ុំ ចំរើន បានថ្លែងឲ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនាពេលយប់ តាមដងផ្លូវកៅស៊ូ និងផ្លូវបេតុងក្នុងមូលដ្ឋាន។ ការសម្រេចបាននូវសមិទ្ធផលនេះ គឺកើតចេញពីការសហការចូលរួមពីបងប្អូនប្រជាពលរដ្ឋ តាមការបំផុសចលនាយ៉ាងផុលផុស ពីសំណាក់អាជ្ញាធស្រុកក្នុងស្មារតីរួមគិត រួមធ្វើ។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលស្រុកទ្រាំង តាងនាមឱ្យអាជ្ញាធរភូមិ ឃុំ និងស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការ យ៉ាងស្អិតរមួតជាមួយអាជ្ញាធរ ទាំងកម្លាំងកាយ និងថវិកា ដែលនេះសបញ្ជាក់ឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំក្នុងការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន និងមានសុវត្ថិភាពខ្ពស់៕









