ខេត្តបាត់ដំបង សាងសង់វាលព្រះមេរុដែលនឹងត្រូវបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល្យព្រះមេគណខេត្ត ព្រះឧបជ្ឈាយ៍ខេត្ត និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង

06-02-2026 15:24

(បាត់ដំបង)៖ ក្រុមការងារខេត្តបាត់ដំបង រៀបចំសាងសង់វាលព្រះមេរុដែលនឹងត្រូវបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោស ល្យព្រះមេគណខេត្ត ព្រះឧបជ្ឈាយ៍ខេត្ត និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបងដែល បានទទួលអនិច្ចកម្ម កាលពីថ្ងៃសៅរ៍ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៩៖០០នាទី ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា ដោយព្រះជរាពាធ នៅឯវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល្យព្រះមេគណខេត្ត ព្រះឧបជ្ឈាយ៍ខេត្ត និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង នឹងត្រូវធ្វើការដង្ហែព្រះសពចេញពីវត្តពោធិ៍វាល និងធ្វើការបូជាព្រះសពនៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ព្រះមេរុ ឬហៅថាភ្នំយោង គឺជាសំណង់ដែលមានការរចនាផ្សេងៗ ហើយមានកំពូលស្រួចទៅលើ ប្រើសម្រាប់បូជាសព។ សំណង់នេះជានិមិត្តរូបភ្នំសុមេរុ ដែលជាឋានទេពពោលគឺឋានសួគ៌ ដូចនេះហើយបានជាហៅថាជាមេរុ។ ក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ពោលគឺក្នុងអរិយធធ៌ឥណ្ឌាបុរាណ បើសង្ខេបឲ្យខ្លីថា ចក្រវាល ឬលោកធាតុ ឬមួយទៀតហៅថា លោកយើងនេះមានលំហអាកាសធំធេង ព្រះអាទិត្យ ព្រះចន្ទ និងផ្លាយជាច្រើនអនេកអនន្ត ហើយនៅចំកណ្តាលលោកធាតុនោះមានភ្នំសុមេរុ (មេរុ) ដែលស្នួលធំខ្ពស់ទៅលើយ៉ាងក្រៃលែង ឯបាតក៏ចាក់ចុះទៅក្រោមស្មើកម្ពស់ខាងលើផងដែរ។ រីឯនៅជើងភ្នំសុមេរុវិញ តែងតែមានពពួកសត្វមានអំណាចតេជះផ្សេងៗតាំងនៅដូចជា នាគ គ្រុឌ គុជសីហ៍ ដំរី រាជសីហ៍។

ព្រះមេរុមាស គឺជាអគារមួយខ្ពស់ស្រឡះប្រកបដោយក្បាច់រចនាដ៏វិចិត្រដោយ សាងសង់ជាប្រាសាទត្រឡែងកែងមានកំពូលបុស្បុក មានមុខបែរទៅទិសទាំង៤ ដោយមុខនីមួយៗមានទទឹងប្រវែង៥ ម៉ែត្រ។ ទំហំព្រមទាំងក្បាច់រចនានៃព្រះមេរុនេះ ត្រូវធ្វើលៃលកតាមកំពស់ សរសេរគ្រឹះទាំង៤។ សសរគ្រឹះទាំង៤នេះត្រូវយកដើមគគីរ ឬដើមឈើទាល ប្រវែង១៨.៨០ម៉ែត្រ តាមទំនៀមទំលាប់ជាព្រះរាជរាជបវរណី សម្រាប់ថ្វាយព្រះភ្លើងព្រះបរមសព ព្រះមហាក្សត្រជាអម្ចាស់ផែនដី៕