ផលិតកម្មកែច្នៃកាកសំណល់កសិកម្ម ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
06-02-2026 15:31
(ភ្នំពេញ)៖ លោក Martin Herrma ប្រធានក្រុមប្រឹក្សាគម្រោងជីវម៉ាស នៃ atmosfair ប្រទេសអាល្លឺម៉ង់ បានលើកឡើងថា ផលិតកម្មកែច្នៃកាកសំណល់កសិកម្ម បានចូលរួមយ៉ាងសកម្មក្នុងការបម្លែងកាកសំណល់ទៅជាធនធានមានតម្លៃ ជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី ស្តីពី «គម្រោងផលិតធ្យូងបរិស្ថានចេញពីកាកសំណល់កសិកម្ម» ដោយមានការចូលរួមពី លោកឧកញ៉ា ចាន់ សុខឃាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KGC តំណាងក្រសួង–ស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល ផ្នែកឯកជន អាជ្ញាធរខេត្ត សហគមន៍មូលដ្ឋាន តួអង្គក្នុងខ្សែច្រវាក់តម្លៃកែច្នៃធ្យូងពីកាកសំណល់កសិកម្ម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសាកលវិទ្យាល័យជាតិ។
នាឱកាសនោះ លោក Martin Herrma បានបញ្ជាក់ថា ការកែច្នៃកាកសំណល់កសិកម្ម គឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់ ដែលចូលរួមយ៉ាងសកម្មក្នុងការបម្លែងកាកសំណល់ទៅជាធនធានមានតម្លៃ កាត់បន្ថយផលប៉ះពាល់បរិស្ថាន ព្រមទាំងលើកកម្ពស់ការបង្កើតតម្លៃសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមមូលដ្ឋាន ប្រកបដោយចីរភាព និងនិរន្តភាព។
លោកបានបន្តថា ការពង្រឹងការកែច្នៃកាកសំណល់កសិកម្ម និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងមូលដ្ឋាន រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល អាជ្ញាធរខេត្ត ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល គឺជាកត្តាសំខាន់ក្នុងការធានាឲ្យការអនុវត្តគម្រោង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាចរៀបចំផែនការបន្តប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកឧកញ៉ា ចាន់ សុខឃាំង បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងដំណោះស្រាយបៃតង និងគោលនយោបាយថាមពលកកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តោតលើការកែច្នៃកាកសំណល់កសិកម្ម ដូចជា អង្កាម និងត្រឡោកដូង ដែលប្រមូលទិញពីអ្នកពាក់ព័ន្ធក្នុងស្រុក ទៅជាធ្យូងបរិស្ថានមានគុណភាពខ្ពស់ ដើម្បីកាត់បន្ថយការដុតចោល ការបំពុលបរិយាកាស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
តាមផែនការ ក្រុមហ៊ុននឹងកែច្នៃកាកសំណល់កសិកម្មជាង ២០,០០០ តោនក្នុងមួយឆ្នាំ និងផលិតបានធ្យូងបរិស្ថានប្រមាណ ៦,០០០ តោន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅប្រទេស។
លោកឧកញ៉ា បានបញ្ជាក់ថា ការប្រើប្រាស់ធ្យូងបរិស្ថាន ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការបំពុលបរិយាកាស និងការបំភាយឧស្ម័នកាបូន (CO₂) ព្រមទាំងរួមចំណែកការពារព្រៃឈើ។ ផ្នែកសង្គម គឺជួយបង្កើតការងារក្នុងស្រុក និងផ្តល់ជម្រើសថាមពលស្អាត សុវត្ថិភាព និងមានតម្លៃសមរម្យសម្រាប់ការចម្អិនអាហារ។ ផ្នែកសេដ្ឋកិច្ច អ្នកពាក់ព័ន្ធទទួលបានចំណូលបន្ថែមពីការលក់កាកសំណល់កសិកម្ម ដែលពីមុនត្រូវបានដុតចោល ឬលក់ក្នុងតម្លៃទាប។
បច្ចុប្បន្ន ធ្យូងបរិស្ថាន ត្រូវបានចែកចាយតាមហាងទំនិញប្រមាណ ១,៧០០ ទីតាំង ក្នុងរាជធានីភ្នំពេញ និងមានអ្នកប្រើប្រាស់ជាង ៦,៥០០ គ្រួសារ។
លោកបានបន្ថែមថា បច្ចេកវិទ្យាកាបូននីយកម្មថ្មី អាចបង្កើនប្រសិទ្ធភាពកែច្នៃលើសពី ២០% និងអនុញ្ញាតឲ្យកែច្នៃកាកសំណល់កសិកម្មបានច្រើនប្រភេទ ដូចជា អង្កាម សំបកដូង ស្វាយចន្ទី និងកាកសំណល់ផ្សេងៗទៀត ទទួលបានផលិតផលបន្ថែម ព្រមទាំងរួមចំណែកធានានូវនិរន្តភាពបរិស្ថាន និងកំណើនអាជីវកម្មប្រកបដោយចីរភាព៕













