រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង៣០ម៉ឺនដុល្លារ សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ ការសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ

06-02-2026 15:29

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាថវិកា ចំនួន ៣០១,៩០៤ដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ស្ថាប័នទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយចំនួនពីរ។

ទី១. គម្រោងស្តារប្រព័ន្ធធារាសាស្ត្រអូរស្រឡៅជ្រុំ ក្នុងខេត្តបន្ទាយមានជ័យ (ថវិកាចំនួន ២២០,២១៦ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។

តំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបានគ្រប់គ្រាន់ក្នុងរដូវវស្សា។ បន្ថែមពីនេះទៅទៀត គឺពុំមានទ្វារទឹកនៅទីតាំងសមស្របឡើយ។ កត្តានេះបានធ្វើឱ្យមានការលំបាកក្នុងការផ្គត់ផ្គង់ទឹកឱ្យមានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្ម។ តាមរយៈការកែលម្អរប្រព័ន្ធធារាសាស្ត្ររំពឹងថាគម្រោងនេះនឹងធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ៦,០០០នាក់ រួមទាំងអ្នកដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយសារជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

ទី២. គម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍នៅមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី (ថវិកាចំនួន ៨១,៦៨៨ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។

ជំនួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី ក៏ដូចជាផ្តល់ឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ អន្តេវាសិកដ្ឋាននឹងផ្ដល់ឱ្យនិស្សិតស្រីនូវកន្លែងស្នាក់នៅប្រកបដោយផាសុកភាពហើយឧបករណ៍ថ្មីនឹងផ្តល់ឱ្យនិស្សិតទាំងអស់នូវឱកាសដើម្បីរៀននូវជំនាញវិជ្ជាជីវៈនានាដែលនឹងជួយពួកគេក្នុងការស្វែងរកការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ ដូចនេះ គម្រោងនេះនឹងនាំមកនូវការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន ជំនួយឥតសំណងគូសាណូណិ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានាដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។

ជំនួយឥតសំណងគូសាណូណិ ក៏ផ្ដោតលើការអភិវឌ្ឍនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧២លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីគាំទ្រពួកគេក្នុងការអនុវត្តគម្រោងគូសាណូណិជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕