Fresh Exclusive: ព្រំដែនរវាងអ្នកសារព័ត៌មាន និង អ្នកបណ្តាញសង្គម៖ តើទំនួលខុសត្រូវសាធារណៈចំពោះសេចក្តីពិតស្ថិតនៅលើនរណា? (Video inside)

06-02-2026 15:59

(ភ្នំពេញ)៖ ភាពមិនច្បាស់លាស់អំពីតួនាទី និងទំនួលខុសត្រូវ រវាងអ្នកសារព័ត៌មាន និងអ្នកបណ្ដាញសង្គម កំពុងក្លាយជាបញ្ហាពិភាក្សាសាធារណៈដ៏ក្ដៅគគុកក្នុងសង្គមព័ត៌មានសម័យថ្មី។ នៅពេលដែលមនុស្សគ្រប់រូប អាចធ្វើតួនាទីផ្សព្វផ្សាយបានយ៉ាងទំលំទូលាយ សំណួរស្នូលមួយក៏លេចឡើងដែរ៖ តើនរណាគួរទទួលខុសត្រូវចំពោះសេចក្តីពិត និងផលប៉ះពាល់សង្គម?
Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយដែលវិភាគយ៉ាងច្បាស់អំពីព្រំដែនសិទ្ធិផ្សាយ ក្រមសីលធម៌ និងទំនួលខុសត្រូវសាធារណៈរបស់អ្នកសារព័ត៌មាន និងអ្នកបណ្តាញសង្គម៖

នៅក្នុងសម័យដែលទូរស័ព្ទមួយគ្រឿង ដែលអាចក្លាយជាស្ថានីយ៍ផ្សាយព័ត៌មាន និងគណនីបណ្ដាញសង្គមមួយ ដែលអាចមានឥទ្ធិពលលើមនុស្សរាប់ម៉ឺនសែន ឬរាប់លាននាក់ សំណួរមួយកំពុងត្រូវបានលើកឡើងយ៉ាងខ្លាំងក្នុងសង្គម៖ តើអ្នកបណ្ដាញសង្គម គួរត្រូវបានចាត់ទុកថាជាអ្នកសារព័ត៌មានដែរឬទេ? ហើយតើក្រមសីលធម៌របស់ពួកគេ គួរដូច ឬខុសពីអ្នកសារព័ត៌មានយ៉ាងដូចម្តេច?
សំណួរនេះ មិនមែនជាការវែកញែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាសំណួរដែលពាក់ព័ន្ធដោយផ្ទាល់នឹង សេចក្តីពិត សង្គម និងសុវត្ថិភាពសាធារណៈ។

*ពីសម័យអ្នកកាសែត ទៅសម័យ «មនុស្សគ្រប់គ្នា ជាអ្នកផ្សព្វផ្សាយ»

ក្នុងអតីតកាលព័ត៌មានសាធារណៈ ស្ថិតនៅក្នុងដៃអ្នកសារព័ត៌មាន ដែលបានបណ្តុះបណ្តាល, ដែលមានក្រុមកែសម្រួល, ដែលមានប្រព័ន្ធផ្ទៀងផ្ទាត់ និងដែលស្ថិតក្រោមក្រមសីលធម៌វិជ្ជាជីវៈដ៏ច្បាស់លាស់។ ការផ្សាយមួយរបស់អ្នកសារព័ត៌មាន ត្រូវឆ្លងកាត់ការពិនិត្យជាច្រើនជាន់ មុននឹងទៅដល់ការផ្សាយជាសាធារណៈ។ ប៉ុន្តែបណ្ដាញសង្គម បានបម្លែងរចនាសម្ព័ន្ធនេះអស់ទាំងស្រុង។ បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នា អាចជាអ្នកផ្សាយ ដោយគ្មាននិពន្ធនាយក, គ្មានបន្ទប់ព័ត៌មាន News Room និងគ្មានការបណ្តុះបណ្តាលជាវិជ្ជាជីវៈអ្វីឡើយ។ ការផ្សាយរឿងមួយតាមបណ្តាញសង្គម អាចមានល្បឿនលឿនជាងព័ត៌មានផ្លូវការ ហើយអាចមានឥទ្ធិពលខ្លាំងជាងអត្ថបទកាសែតមួយទំព័រថែមទៀត។ ការផ្លាស់ប្តូរនេះ បានបង្កើតសេរីភាពថ្មីមួយផង ប៉ុន្តែក៏បានបង្កើតបញ្ហាលើកត្តាសីលធម៌ថ្មីផងដែរ។

* អ្នកបណ្ដាញសង្គម ខុសពីអ្នកសារព័ត៌មាន នៅត្រង់ណា?

ចំណុចគន្លឹះមួយ ដែលត្រូវបញ្ជាក់ឲ្យច្បាស់គឺ៖ អ្នកបណ្ដាញសង្គម មិនមែនជាអ្នកសារព័ត៌មានដោយស្វ័យប្រវត្តិទេ។ អ្នកសារព័ត៌មានត្រូវបានកំណត់ដោយ៖
• វិធីសាស្ត្រផលិតព័ត៌មាន
• ការផ្ទៀងផ្ទាត់ប្រភព
• ការបំបែក «អ្វីជាការពិត» និង «អ្វីជាទស្សនៈ»
• ការទទួលខុសត្រូវសាធារណៈ
• ការគោរពក្រមសីលធម៌វិជ្ជាជីវៈ
ខណៈដែលអ្នកបណ្ដាញសង្គមភាគច្រើន ផលិតមាតិកាដោយផ្អែកលើ មតិផ្ទាល់ខ្លួន អារម្មណ៍ និង ភាពពាក់ព័ន្ធ ជាចម្បង មិនមែនលើការផ្តល់ព័ត៌មាន ដែលបានផ្ទៀងផ្ទាត់ទេ។ ដូច្នេះ ទោះបីមានអ្នកចូលចិត្ត follower ច្រើន ឬមានការផ្សាយព័ត៌មានជាញឹកញាប់ក៏ដោយអ្នកបណ្តាញសង្គមនោះ នៅមិនគ្រប់គ្រាន់ ដើម្បីហៅខ្លួនឯងថាជា «អ្នកសារព័ត៌មាន» នោះដែរ។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថា អ្នកបណ្ដាញសង្គម មិនអាចក្លាយជាអ្នកសារព័ត៌មានបានឡើយ។ ពួកគេអាចក្លាយជាអ្នកសារព័ត៌មានឯករាជ្យ ឬ citizen journalist បើពួកគេទទួលបានការដុសខាត់ពីរបៀប៖
- ផលិតព័ត៌មានជាក់ស្តែង មិនមែនតែមតិ
- ផ្ទៀងផ្ទាត់ប្រភព
- ផ្តល់បរិបទ និងតុល្យភាព
- កែតម្រូវនៅពេលខុស
- គោរពសេចក្តីថ្លៃថ្នូរមនុស្ស និងមិនញុះញង់
នៅពេលនោះ វេទិកាដែលពួកគេប្រើ មិនសំខាន់ទេអ្វីដែលសំខាន់គឺវិធីធ្វើការ និងទំនួលខុសត្រូវ។

ក្នុងន័យនេះ គឺមិនមែនអ្នកណាដែលផ្សាយព័ត៌មាន គឺសុទ្ធតែជាអ្នកសារព័ត៌មានទាំងអស់ទេ ប៉ុន្តែអ្នកសារព័ត៌មានគ្រប់រូប ត្រូវតែផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ ដូច្នេះអ្នកបណ្ដាញសង្គម មិនគួរត្រូវចាត់ទុកជាអ្នកសារព័ត៌មានដោយស្វ័យប្រវត្តិបានឡើយ ប៉ុន្តែអ្នកបណ្ដាញសង្គមអាចក្លាយជាអ្នកសារព័ត៌មាន បើធ្វើការប្រកបដោយវិជ្ជាជីវៈ។ ដូច្នេះការហៅខ្លួនឯងថា «អ្នកសារព័ត៌មាន» ត្រូវភ្ជាប់ជាមួយ ទំនួលខុសត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន។

*ក្រមសីលធម៌៖ ខុសគ្នា ប៉ុន្តែមិនអាចគ្មាន

អ្នកសារព័ត៌មាន គឺជាអ្នកដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដ៏តឹងរ៉ឹង និងច្បាស់លាស់។ អ្នកបណ្ដាញសង្គម មិនមានក្រមតែមួយដូចគ្នាមែន ប៉ុន្តែវាមិនមានន័យថា ពួកគេអាចផ្សាយដោយគ្មានសីលធម៌បានឡើយ។

ក្នុងសង្គមព័ត៌មានសម័យថ្មី ដែលកំពុងកើតមាន អ្វីដែលអាចហៅថា “ក្រមសីលធម៌សង្គម” សម្រាប់អ្នកបណ្ដាញសង្គម មានដូចតទៅនេះ៖
- មិនផ្សាយព័ត៌មានក្លែងក្លាយ
- មិនញុះញង់ការស្អប់ និងអំពើហិង្សា
- មិនបំពានកិត្តិយសអ្នកដទៃ
- គិតពីផលប៉ះពាល់ មុនចុច “Post” អ្វីមួយ
ក្រមបណ្តាញសង្គមនេះ មិនមែនបិទសិទ្ធិបញ្ចេញមតិទេ ប៉ុន្តែបញ្ជាក់ថា សិទ្ធិ ត្រូវភ្ជាប់ជាមួយទំនួលខុសត្រូវ។

* សិទ្ធិបញ្ចេញមតិ ឬទំនួលខុសត្រូវតាមច្បាប់?

ក្នុងសម័យបណ្ដាញសង្គម សិទ្ធិបញ្ចេញមតិ ត្រូវបានពង្រីកដល់កម្រិតដែលមិនធ្លាប់មានពីមុន។ មនុស្សគ្រប់រូប អាចបញ្ចេញមតិ ផ្សាយគំនិត និងចែករំលែកព័ត៌មានទៅកាន់សាធារណៈបានភ្លាមៗ ដោយគ្មានទ្វារត្រួតពិនិត្យដូចសម័យសារព័ត៌មានប្រពៃណី។ ប៉ុន្តែជាមួយសេរីភាពដ៏ធំទូលាយនេះ សំណួរសំខាន់មួយក៏លេចឡើងដែរ៖ តើការផ្សាយខុសរបស់អ្នកបណ្ដាញសង្គម គឺជាសិទ្ធិបញ្ចេញមតិ ឬជាការទទួលខុសត្រូវចំពោះសង្គម និងច្បាប់?

ចម្លើយ មិនអាចផ្ដល់ជាសេចក្តីសន្និដ្ឋានសាមញ្ញថា «ត្រូវ» ឬ «ខុស» បានឡើយ ព្រោះការវិនិច្ឆ័យនេះ អាស្រ័យលើកត្តាស្នូលចំនួន៣ គឺខ្លឹមសារ ចេតនា និងផលប៉ះពាល់។ ការផ្សាយខុសរបស់អ្នកបណ្ដាញសង្គម អាច ជាសិទ្ធិបញ្ចេញមតិ បើវាជាមតិផ្ទាល់ខ្លួន មិនបំភ្លៃ និងមិនបង្កគ្រោះថ្នាក់។
ប៉ុន្តែវាអាចក្លាយជាការទទួលខុសត្រូវតាមច្បាប់ នៅពេលដែលការផ្សាយនោះ៖
- ជាព័ត៌មានក្លែងក្លាយ
- បង្កអំពើញុះញង់
- ប៉ះពាល់សុវត្ថិភាពសាធារណៈ
- បំផ្លាញកិត្តិយស និងសិទ្ធិអ្នកដទៃ

សេចក្តីសន្និដ្ឋាន៖ មិនមែនអ្នកបណ្ដាញសង្គមទាំងអស់ ជាអ្នកសារព័ត៌មានទេ។ ប៉ុន្តែអ្នកបណ្ដាញសង្គមទាំងអស់ ក៏ជាកោសិកាដែលបានចូលរួមបង្កើតបរិយាកាសព័ត៌មានសង្គមផងដែរ។ ក្នុងសម័យដែលមនុស្សគ្រប់គ្នាអាចផ្សាយបាន សង្គមមិនត្រឹមតែត្រូវការសេរីភាពនៃការនិយាយទេ ប៉ុន្តែត្រូវការការនិយាយដោយ ការយល់ដឹង សីលធម៌ និងទំនួលខុសត្រូវ ផងដែរ។

សរុបមកវិញ បណ្ដាញសង្គម មិនត្រឹមតែត្រូវការសេរីភាពនៃការនិយាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការនិយាយដោយការយល់ដឹង សីលធម៌ និងទំនួលខុសត្រូវផងដែរ។ នៅពេលមនុស្សម្នាក់ចុច “Post” ដើម្បីផ្សាយព័ត៌មានរបស់ខ្លួន គាត់មិនមែនកំពុងនិយាយតែជាមួយខ្លួនឯងទៀតទេ ប៉ុន្តែកំពុងចូលរួមក្នុងលំហសាធារណៈ ដែលសេចក្តីពិត និងសុវត្ថិភាពសង្គម ត្រូវបានពឹងផ្អែកលើការសម្រេចចិត្តរបស់គាត់។ សេរីភាពនៃការបញ្ចេញមតិ មិនមែនជាសេរីភាពដែលគ្មានការទទួលខុសត្រូវឡើយ៕