រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមមហាសន្និបាតលើកទី៥ នៃអង្គការសហប្រតិបត្តិការឌីជីថល នៅកូវ៉ែត

06-02-2026 16:24

(ក្រុងកូវ៉ែត)៖ តបតាមការអញ្ជើញរបស់រដ្ឋកូវ៉ែត ជាម្ចាស់ផ្ទះ និងលោកស្រីអគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឌីជីថល (Digital Cooperation Organization – DCO), លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមជាភ្ញៀវ (Guest Country) ក្នុងមហាសន្និបាតលើកទី៥ នៃអង្គការ DCO ក្រោមប្រធានបទ «វិបុលភាពប្រកបដោយបរិយាបន្ន ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» កាលពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃក្រសួងទទួលបន្ទុកឌីជីថល របស់បណ្តាប្រទេសជាសមាជិកនិងប្រទេសជាភ្ញៀវ ស្ថាប័នសង្កេតការណ៍ ដៃគូ និងវិស័យឯកជន មកពីប្រមាណ៦០ប្រទេស។

បច្ចុប្បន្ន អង្គការ DCO ដែលត្រូវបានបង្កើតនៅឆ្នាំ២០២០ មានសមាជិកចំនួន ១៦ប្រទេស ស្ថាប័នសង្កេតការណ៍ចំនួន ៤៩ និងស្ថាប័នដៃគូចំនួន ២០ ហើយអង្គការនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសង្គមតាមរយៈកិច្ចសហការវិស័យឌីជីថល ដោយរួមគ្នាការពារផលប្រយោជន៍របស់រដ្ឋសមាជិក។

ក្នុងវេទិកាកិច្ចសហការឌីជីថលអន្តរជាតិ (International Digital Cooperation Forum - IDCF) ដែលជាព្រឹត្តិការណ៍អមនៃមហាសន្និបាតលើកទី៥ នៃអង្គការ DCO លោករដ្ឋមន្ត្រី បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើការគ្រប់គ្រងហានិភ័យបញ្ញាសិប្បនិម្មិតដែលមានលក្ខណៈជាប្រព័ន្ធ។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្ដារដ្ឋមន្ត្រីឌីជីថលនិងតំណាងមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី កេនយ៉ា និងបង់ក្លាដេស ព្រមទាំងលោកស្រីអគ្គលេខាធិការនៃ DCO និងដៃគូអន្តរជាតិមួយចំនួនទៀត ដែលទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន រួមមានកិច្ចសហការផ្ទេរបច្ចេកវិទ្យាឌីជីថល ការកសាងសមត្ថភាពផ្នែកគោលនយោបាយឌីជីថល និងការសហការជ្រោមជ្រែងគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនានា៕