រដ្ឋលេខាធិការ អ៉ិន ចន្ថា ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវក្រាលបេតុង ១ខ្សែ នៅឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល
06-02-2026 16:36
(កណ្តាល)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ២ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិព្រែកស្លែង ឃុំតាលន់ ទៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។
ថ្លែងនាឱកាសនោះរដ្ឋលេខាធិការ អ៉ិន ចន្ថា បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅទូទាំងប្រទេស និងប្រកបដោយភាពធន់ ដើម្បីធានាបាននូវចីរភាពនៃការប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតំបន់ជនបទ តាមរយៈការស្ថាបនា ការកែលម្អ ការលើកកម្រិតគុណភាព ថែទាំ និងជួសជុលផ្លូវជាដើម។
លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីគុណបំណាច់របស់រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញការអភិឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើន ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រ និងលើកកម្ពស់ដល់ការរស់នៅ របស់ប្រជាជន នៅតាមជនបទពិត។
ជុំវិញផ្លូវខាងលើនេះ, លោក អ៉ិន ចន្ថា បានកោតសរសើរនិងវាយតម្លៃខ្ពស់នៃគម្រោងដែលអនុវត្តដោយមជ្ឈមណ្ឌល ជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនា និងថែទាំ សុពលភាព នៅរក្សាគុណភាពផ្លូវល្អប្រសើរ សម្រាប់ជាប្រយោជន៍សាធារណជន ប្រើប្រាស់ប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់ ជាពិសេសគាំទ្រដល់ការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងក៏ជាការកែប្រែលក្ខខណ្ឌរស់នៅសហគមន៍ ជនបទ លើផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើកកម្ពស់ និងការប្រែក្លាយតំបន់ជនបទ ឱ្យទៅជាតំបន់មានភាពរីកចម្រើន ក្រោមការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា៕














