សម្ដេចតេជោ ហ៊ុន សែន និងលោក តូ ឡឹម ឯកភាពគ្នាបន្ដពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញទំហំពាណិជ្ជកម្មឲ្យកើនដល់២០ពាន់លានដុល្លារអាមេរិក
06-02-2026 16:39
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានប្តេជ្ញាចិត្តថែរក្សា និងការពារសន្តិសុខនៅតាមព្រំដែនរវាងប្រទេសទាំងពីរ រួមទាំងខិតខំជំរុញនូវពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ពោលគឺធ្វើយ៉ាងណាឲ្យឡើងដល់ ២០ពាន់លានដុល្លារអាមេរិក។
ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងកិច្ចប្រជុំនៅព្រឹកនេះ ភាគីទាំងពីរបានបង្ហាញពី ជំហរនៃការសាមគ្គីគ្នាដែលឆ្លុះបញ្ចាំងថា កិច្ចប្រជុំនៅពេលនេះបានបញ្ជាក់ពី ស្មារតីនៃការសាមគ្គីគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម។
សម្តេចតេជោ បានសម្តែងនូវក្ដីរីករាយចំពោះភាពរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាមដែលទៅផ្សំជាមួយគ្នា និងទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលឃើញពីការស្អិតរមួតរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្ន រួមទាំងស្ថាប័ននីតិបញ្ញត្តិផងដែរដែលបានកើតក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលគ្រប់ស្ថានការណ៍ គ្រប់ស្ថាប័នតុលាការ គ្រប់វិស័យ ដែលបានធ្វើជាមួយគ្នា។ ក្នុងកាលៈទេសៈនោះ ក្នុងកិច្ចប្រជុំនេះគឺ សម្តេចតេជោ បានចែករំលែកនូវភាពរីកចម្រើននៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីទាំងពីរផង ហើយក៏មានការចែករំលែកទៅនឹងព័ត៌មានមួយចំនួនទៅនឹង ស្ថានភាពតំបន់ និងពិភពលោកផងដែរ នៅក្នុងឱកាសនោះ។
លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានសម្តែងការអរគុណជាពន្លឹក ចំពោះការបដិសណ្ឋារកិច្ចដ៏កក់ក្ដៅឲ្យរីករាយ ដែលមកដល់ប្រទេសកម្ពុជាសាជាថ្មី។ នៅក្នុងឱកាសនេះគឺបាន មកដល់វិមាន៧មករា ក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស កុម្មុយនីស្តវៀតណាម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សម្រាប់ លោក តូ ឡឹម បានឯកភាពដូចដែលសម្ដេចតេជោ បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីទាំងក្នុងក្របខ័ណ្ឌគណបក្សផង រដ្ឋាភិបាលផង និងស្ថាប័ននីតិប្បញ្ញត្តិ។
លោក តូ ឡឹម បានផ្តល់តម្លៃយ៉ាងខ្ពស់បំផុតចំពោះទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម ហើយលោកបានបញ្ជាក់ថា វៀតណាមគឺគាំទ្រឥតងាករេ នៅក្នុងការបង្កើតនូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌគណបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ ដែលនេះឆ្លុះបញ្ចាំងអំពី ភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, លោក តូ ឡឹម ក៏បានសម្តែងការពេញចិត្តចំពោះសន្តិសុខសន្តិភាព នៅតាមព្រំដែននៃប្រទេសទាំងពីរដែលមានកិច្ចសហការគ្នាយ៉ាងល្អ។ ក្នុងនោះលោក តូ ឡឹម ក៏ជំរុញឲ្យភាគីទាំងពីរនៅក្នុងការធ្វើយ៉ាងណារក្សាបាននូវទំនាក់ទំនងតាមព្រំដែនកិច្ចសហប្រតិបត្តិការគ្នាដ៏ល្អបន្តទៀត បន្តធ្វើការជាមួយគ្នា ដើម្បីជំរុញនូវពាណិជ្ជកម្មក៏ដូចជាសេដ្ឋកិច្ច ជាពិសេសការផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងសងខាង។
លោក ជា ធីរិទ្ធ បន្តថា សម្រាប់សម្តេចតេជោវិញ សម្តេចឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោក តូ ឡឹម ដែលទាក់ទងទៅនឹងភាពរីកចម្រើននៃទំនាក់ទំនង ជាពិសេសនៅតាមព្រំដែន ដែលកត្តាស្ថិរភាព សន្តិភាព តាមព្រំដែននេះគឺជា កត្តាចម្បងណាស់ដែលភាគីទាំងពីរអាចរក្សាបានកន្លងមក និងបន្តពូនជ្រុំ និងពង្រីកបន្ថែមទៀតឲ្យកាន់តែការសហការនៅតាមព្រំដែននេះ កាន់តែល្អប្រសើរហើយ។ បន្ថែមពីលើនោះទាំងសម្ដេចតេជោ និងលោក តូ ឡឹម គឺភាគីទាំងពីរ ឯកភាពគ្នាទាំងស្រុង ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការតាមព្រំដែន ដើម្បីធ្វើយ៉ាងណាកុំឲ្យមានឧក្រិដ្ឋកម្មកើតឡើង ហើយរក្សាបាននូវព្រំដែនបច្ចុប្បន្ន ដែលមានស្ថិរភាព សន្តិភាពទាំងសងខាង ដែលឆ្លុះបញ្ចាំងអំពី ភាពជាអ្នកជិតខាងល្អជាមួយគ្នាបន្ថែមទៀត។
ក្នុងន័យនេះ លោក ជា ធីរិទ្ធ គូសបញ្ជាក់ថា នេះជាទិដ្ឋភាពរួមដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានលើកឡើងពី ការពង្រីកកិច្ចសហប្រត្តិបត្តិការរួមគ្នាទាំងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ហើយចំពោះគណបក្សវិញភាគីទាំងពីរ ទាំងសម្ដេចតេជោ លោក តូ ឡឹម សុទ្ធតែបានបញ្ជាក់ជំហរពី ការផ្លាស់ប្តូរទំនាក់ទំនង ជាពិសេសគឺ ទំនាក់ទំនងតាមរយៈទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សទាំងពីរ នាពេលកន្លងមកគឺ បានបង្ហាញយ៉ាងច្បាស់អំពី ការផ្ដល់តម្លៃនូវការពង្រីកនូវ កិច្ចសហប្រតិបត្តិការ ជាមួយគ្នា គឺជំរុញឲ្យភាគីទាំងពីរបន្តខិតខំប្រឹងប្រែង ក្នុងការពង្រីកទំនាក់ទំនងនោះឲ្យផ្លាស់ប្តូរនូវទំនាក់ទំនង ជាពិសេសគឺតាមរយៈការផ្លាស់ប្តូរទម្លាប់ទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តវៀតណាម ទៅវិញទៅមក ដើម្បីធ្វើយ៉ាងណារក្សាបាននូវមិត្តភាពនៃគណបក្សនេះឲ្យកាន់តែរីកចម្រើន។
លោក ជា ធីរិទ្ធិ បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវការបណ្តុះបណ្តាលធនធានមនុស្ស ការចែករំលែកបទពិសោធគ្នា ទៅអ្នកជំនាន់ក្រោយ ជាពិសេស គឺយុវជនតែម្តង ដើម្បីឲ្យយុវជននៃបក្សទាំងពីរ ថ្នាក់ដឹកនាំផង ឲ្យបានយល់គ្នាកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមនឹងការឯកភាពគ្នា ក្នុងការធ្វើយ៉ាងណាការបញ្ជ្រាបនូវព័ត៌មានបន្ថែម ឲ្យប្រជាជនទាំងសងខាង លោកបានស្វែងយល់បន្ថែមទៀតអំពី សារៈសំខាន់នៃទំនាក់ទំនងទាំងនៅក្នុងក្របខ័ណ្ឌគណបក្សទាំងពីរ រួមទាំងក្របខ័ណ្ឌនៃរាជរដ្ឋាភិបាលរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងស្ថាប័ននីតិបញ្ញត្តិផងដែរ។
លោក ជា ធីរិទ្ធ បញ្ជាក់បន្ថែមថា ចំណុចចុងក្រោយ ភាគីទាំងពីរក៏ឯកភាពគ្នាលើការពង្រីកនូវទំហំពាណិជ្ជកម្មឲ្យរដ្ឋាភិបាលពង្រីកពាណិជ្ជកម្មជាមួយគ្នា ឲ្យមានការកើនឡើងដែលគោលដៅទាំងពីរ នៃថ្នាក់ដឹកនាំទាំងពីរគឺ ចង់ឲ្យបានសម្រេចបាន ២០ពាន់លានដុល្លារអាមេរិក នៅពេលខាងមុខ។
ទាំងលោក តូ ឡឹម និង សម្តេចតេជោ សុទ្ធតែគាំទ្រនូវគំនិតនេះហើយចង់ឲ្យសម្រេចបាននូវគោលដៅ នៃពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឲ្យបាន ម្ភៃពាន់លានដុល្លារ។ លោកបន្តថា ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា ពីរឆ្នាំឬបីឆ្នាំទៀត គោលដៅនេះអាចនឹងសម្រេចបាន ព្រោះប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនដែលត្រូវធ្វើការជាមួយគ្នាពង្រីកបន្ថែមទៀត។ ការធ្វើបានទាំងអស់នេះសម្រេចបាន គឺកើតចេញអំពីទំនាក់ទំនងទ្វេភាគីរវាងបក្សនិងបក្សផង រវាង និងរដ្ឋាភិបាលផង និងស្ថាប័ននីតិប្បញ្ញត្តិ ដែលតួយ៉ាងដូចពេលនេះ ប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានជួបប្រជុំគ្នា ដើម្បីជជែកបន្ថែមទៅលើចំណុចនៃការពង្រីកប្រតិបត្តិការរវាងបក្ស និងបក្ស រដ្ឋាភិបាល និងរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ៕












































