ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
06-02-2026 17:02
(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពង់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដាក់ចេញអនុសាសន៍ណែនាំមួយចំនួន សំដៅពង្រឹងបន្ថែមនូវការងារក្នុងការសាធារណការឱ្យកាន់តែប្រសើរឡើង ដែលពិធីនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានលោក លោកស្រី សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងមាន លោក លោកស្រីថ្នាក់ដឹកនាំក្រសួង សាធារណការ និងដឹកជញ្ជូន ប្រមាណ ៥០០នាក់។
ថ្លែងនាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង សាធារណការ និងដឹកជញ្ជូនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ដែរថា សន្និបាតនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីវាយតម្លៃនូវលទ្ធផលការងារដែលក្រសួងសម្រេចបាននៅឆ្នាំកន្លងមក និងសម្រួចការយល់ដឹង ដើម្បីពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពការងារ ចំពោះមុខនៃវិស័យសាធារណការ និងដឹកជញ្ជូន សំដៅជំរុញអភិវឌ្ឍវិស័យនេះឱ្យឆ្លើយតបទៅនឹងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច ទាំងនៅក្នុងប្រទេស នៅក្នុងតំបន់ និងសកលលោកឱ្យបានកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ជាមួយគ្នានោះ ក្រោយពីស្តាប់នូវរបាយការណ៍សង្ខេបរបស់រដ្ឋមន្ត្រីក្រសួងសាធារណការរួច, លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ថា អង្គសន្និបាតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិតជាមានការចូលរួមពិភាក្សាយ៉ាងផុសផុល និងផ្លាស់ប្តូរមតិយោបល់រវាងអង្គភាពជំនាញ និងការចែករំលែកបទពិសោធន៍រវាងថ្នាក់ដឹកនាំ មន្ត្រី រាជការ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដោយបានធ្វើការឆ្លុះបញ្ចាំង អំពីសមិទ្ធផលការងារសម្រេចបាន និងបានលើកជាទិសដៅការងារ សម្រាប់ការអនុវត្តនាឆ្នាំបន្ទាប់ ដែលនេះជាធាតុចូលយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាឱ្យ កាន់តែមានភាពប្រសើរឡើង។
បន្ថែមពីនេះតាងនាមសម្តេចធិបតីនាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោះស្រាយនូវបញ្ហាប្រឈម ប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបាននូវ សមិទ្ធផលធំៗជាច្រើននៅក្នុងឆ្នាំ២០២៥ ដោយឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងចក្ខុវិស័យរបស់ក្រសួង ជាពិសេសគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១១ចំណុចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានណែនាំ និងតម្រង់ទិសដល់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកក៏សម្តែងនូវការគាំទ្រចំពោះទិសដៅ ការងារទាំងឡាយដែលអង្គសន្និបាតសម្រេចដាក់ចេញសម្រាប់អនុវត្ត នៅក្នុងឆ្នាំ២០២៦ ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក ដើម្បីតម្រង់ទិសឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយម ព្រមទាំងលើកកម្ពស់អភិបាលកិច្ច សមត្ថភាព និង គុណភាពស្ថាប័ន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានលើកទឹកចិត្តដល់ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីររបស់ក្រសួងនៅតាមរាជធានី ខេត្ត ឱ្យចូលរួមក្នុងការបន្តអនុវត្តទិសដៅ ការងាររបស់ខ្លួន ស្របតាមយន្តការគន្លឹះ និងទិសដៅជាយុទ្ធសាស្ត្រ ដែលបានដាក់ចេញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀតផងដែរ៕
























