អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ៖ ក្រោយបទឈប់បាញ់ យោធាថៃ បានដាក់លូប្រអប់ និងរាយបន្លាលួស ចូលទឹកដីកម្ពុជា ជាង៤០០ម៉ែត្រ ពីបង្គោលព្រំដែនលេខ១៥ ដែលភាគីថៃទទួលស្គាល់ (Video inside)
06-02-2026 17:55
(ឧត្តរមានជ័យ)៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បន្ទាប់ពីភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែ បែរជាភាគីថៃ បានក្រឡាស់កិច្ចព្រមព្រៀង ពោលគឺភាគីថៃ បានប្រើយុទ្ធសាស្ត្រដាក់លូប្រអប់ដែលមានមុខកាត់ធំៗ និងរាយបន្លាលួស ចូលក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកកម្ពុជា ចេញពីបង្គោលព្រំដែនលេខ១៥ ដែលភាគីទាំងពីរបានទទួលជាផ្លូវការ ចម្ងាយជាង៤០០ម៉ែត្រ។
ថ្លែងប្រាប់អ្នកសារព័ត៌មានជាតិមកពីរាជធានីភ្នំពេញ ដែលដឹកនាំដោយក្រសួងព័ត៌មាន នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ «ក្រោយទទួលបាននូវបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ គឺនៅថ្ងៃទី២៨ ខែធ្នូ កងទ័ពសៀម បានដាក់លូប្រអប់ និងរាយបន្លាលួសចូលមកក្នុងទឹកដីកម្ពុជា ប្រមាណ៤០០ម៉ែត្រ ពីច្រកទ្វារដែលមានការឯកភាពគ្នា ដែលមានបង្គោលព្រំសីមាលេខ១៥ អានេះឆ្លុះពីការឈ្លានពានរបស់កងទ័ពសៀម មកលើទឹកដីកម្ពុជា របស់យើង»។
អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានបន្ថែមថា សកម្មភាពឈ្លានពានរបស់យោធាថៃ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អគារពាណិជ្ជកម្ម តូបលក់ដូររបស់អាជីវករខ្មែរ ព្រមទាំងទីតាំងសាធារណៈ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្លូតត្រង់អស់ជាច្រើនផងដែរ៕

































