ក្រសួងធម្មការ និងសាសនាកម្ពុជា និងក្រសួងជនជាតិ និងសាសនាវៀតណាម ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី លើវិស័យធម្មការ និងសាសនា

06-02-2026 18:14

(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក ដាវ ង៉ុកហ្សុង (Đào Ngọc Dung) រដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនាវៀតណាម នៅទីស្តីការក្រសួងធម្មការ និងសាសនា ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោករដ្ឋមន្ត្រី ចាយ បូរិន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោក ដាវ ង៉ុកហ្សុង (Đào Ngọc Dung) និងបញ្ជាក់ថា វត្តមានរបស់លោកនាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើន នៃទំនាក់ទំនងរវាងក្រសួងទាំងពីរ។

លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យធម្មការ និងសាសនា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមទិសស្លោករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៖ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង»

ក្នុងឱកាសនៃជំនួបនោះ លោក ដាវ ង៉ុកហ្សុង បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់ភាគីកម្ពុជា។

លោក ដាវ ង៉ុកហ្សុង បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសាសនា រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយបន្ត និងពង្រឹង កិច្ចសហប្រតិបត្តិការមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្តូរបទពិសោធន៍ លើវិស័យសាសនា ដោយស្របតាមច្បាប់ បទបប្បញត្ត និងគោលនយោបាយរបស់ប្រទេសរៀងៗខ្លួន។

ក្នុងឱកាសនេះ រដ្ឋមន្ត្រី ចាយ បូរិន និងរដ្ឋមន្រ្តី ដាវ ង៉ុកហ្សុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសាសនា រយៈពលេ៥ឆ្នាំ ពីឆ្នាំ២០២៦ ដល់២០៣១ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ចូលរួមចំណែកកសាងទំនាក់ទំនង កម្ពុជា-វៀតណាម ឱ្យរឹងមាំ ជិតស្និទ្ធ និងមាននិរន្តរភាពយូរអង្វែង។

បន្ថែមលើនេះ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ដដែលនេះ លោក ដាវ ង៉ុកហ្សុង បានចូលជួបសវនាការ ជាមួយលោក ចាយ បូរិន ដើម្បីបន្តពិភាក្សាលើយន្តការការងារ ដែលត្រូវបន្តអនុវត្តក្នុងស្មារតី នៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕