សំណល់គ្រាប់បែកធុនធ្ងន់ជាច្រើននៅទីតាំងលំនៅឋានពលរដ្ឋខ្មែរស្លូតត្រង់ និងទីសាធារណៈ ជាភស្តុតាងមិនអាចប្រកែក និងបិទបាំងបានចំពោះទង្វើឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា (Video inside)

06-02-2026 19:30

(ព្រំដែន)៖ សង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ទាំងពីរលើក គឺយោធាថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ រួមទាំងយន្តហោះចម្បាំងទម្លាក់គ្រាប់បែក និងបានបាញ់កាំភ្លើងធំផ្លោងស្រោចនៅលើទីតាំងស៉ីវិល បំផ្លាញ់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយបានបន្សល់នូវវិនាសកម្មឥតគណនាដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់។

ជាមួយនឹងការប្រើប្រាស់សកម្មភាពយោធាឈ្លានពានទាំងកម្រោលនេះ យោធាថៃ បានបន្សល់នូវសំណល់គ្រាប់បែកធុនធ្ងន់ជាច្រើននៅទីតាំងលំនៅឋានពលរដ្ឋខ្មែរស្លូតត្រង់ និងទីសាធារណៈ ដែលជាភស្តុតាងមិនអាចប្រកែក និងបិទបាំងបានចំពោះទង្វើឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា ដោយខុសច្បាប់។

បើតាមលោក ជិន ប៊ុនហឿត អនុប្រធានកងឯកភាពកម្ចាត់មីន (ស៊ីម៉ាក់) ឈរជើងនៅទិសឧត្តរមានជ័យ (ទិសទី៣) បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ថា៖ «នេះជាភស្តុតាងជាក់ស្តែង (កន្ទុយគ្រាប់បែក) ដែលយោធាថៃ បានបាញ់មកលើលំនៅឋានរបស់ប្រជាពលរដ្ឋស្លូតត្រង់ ក្នុងខេត្តឧត្តរមានជ័យ។ ជាប្រភេទគ្រាប់ត្បាល់ គ្រាប់ប្រភេទ១២០ម៉ែត្រ អ៊ឹចឹងនេះជាភស្តុតាងដែលថៃ បាញ់មកលើពលរដ្ឋស្លូតត្រង់»

មន្ត្រីស៉ីម៉ាល់រូបនេះ បានឱ្យដឹងថា រយៈពេលនៃការឈ្លានពានកម្ពុជា ២១ថ្ងៃ យោធាថៃ បានបន្សល់នូវវិនាសកម្មជាច្រើនដល់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ថា សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើកកន្លងទៅថ្មីៗ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ៕