ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដាក់ចេញអនុសាសន៍ណែនាំ ៩ចំណុច សំដៅជំរុញការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែប្រសើរឡើង (Video inside)
06-02-2026 19:38
(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពង់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុសាសន៍ណែនាំសំខាន់ៗចំនួន ៩ចំណុចបន្ថែមដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅជំរុញការកែលម្អការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង និងដើម្បីបំពេញតម្រូវការ និងជាប្រយោជន៍ដល់សាធារណជនទូទៅឱ្យកាន់តែមានភាពរហ័ស ងាយស្រួល តម្លាភាព និងភាពជឿទុកចិត្តបាន។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលពិធីនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានលោក លោកស្រី សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងមាន លោក លោកស្រីថ្នាក់ដឹកនាំក្រសួង សាធារណការ និងដឹកជញ្ជូន ប្រមាណ ៥០០នាក់។
អនុសាសន៍ណែនាំ ៩ចំណុច របស់លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានដូចជា៖
*ទី១៖ បន្តជំរុញការកែលម្អការងារផ្តល់សេវាសាធារណៈពាក់ព័ន្ធ នឹងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង និងពិនិត្យលទ្ធភាពបង្កើតកម្រងសេវាសាធារណៈថ្មីៗ ជាអាទិភាពបន្ថែមទៀត ព្រមទាំងជំរុញការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីបំពេញតម្រូវការ និងជាប្រយោជន៍ដល់សាធារណជនទូទៅឱ្យកាន់តែមានភាពរហ័ស ងាយស្រួល តម្លាភាព និងភាពជឿទុកចិត្តបាន។
*ទី២៖ បន្តការខិតខំពង្រឹងគុណភាពផ្លូវ និងការតភ្ជាប់ខ្សែផ្លូវ ប្រទាក់ក្រឡាទៅកាន់តំបន់ដែលមានសក្តានុពលសំខាន់ៗដូចជា៖ តំបន់ទេសចរណ៍ តំបន់ព្រំដែន តំបន់ឧស្សាហកម្ម តំបន់កសិ-ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសនៅតាមរាជធានី-ខេត្ត តំបន់ កំពង់ផែ និងតំបន់ទីក្រុងសំខាន់ៗដែលមានតម្រូវការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកដែល រំពឹងថានឹងមានការរីកចម្រើនខ្លាំងនៅក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ខាងមុខ។
ការដាក់ចេញនូវយន្តការតភ្ជាប់ទៅតំបន់ដែលបម្រើដល់សកម្មភាពដឹកជញ្ជូនទំនិញ និងផលិតផលផ្សេងៗក្នុងស្រុក ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នឹងជួយគាំទ្រដល់សកម្មភាពផលិតកម្មរបស់សហគ្រិន និងជំរុញការដោះដូរពាណិជ្ជកម្មឱ្យបានកាន់តែទូលំទូលាយ។ ជាក់ស្តែងភាពតានតឹងនៅតាមព្រំដែនភាគខាងលិចនៃកម្ពុជា ទាមទារឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពនៃ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវសាងសង់ជាអាទិភាព ដើម្បីរក្សានិងជំរុញបន្ថែមរាល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគបច្ចុប្បន្ន។ ក្រសួងក៏ត្រូវបង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសិក្សានិងដាក់ចេញនូវយន្តការដោះស្រាយលើបញ្ហាដែលតែងតែកើតមាននៅតាមដងផ្លូវតួយ៉ាងដូចជា៖ ការដាក់សញ្ញាចរាចរណ៍នៅតាមកន្លែងដែលមាន ការកកស្ទះចរាចរណ៍ កន្លែងដែលតែងតែមានគ្រោះថ្នាក់ចរាចរណ៍ ញឹកញាប់ និងការបើកទ្រូងផ្លូវជាដើម។
*ទី៣៖ ជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យមានដំណើរការតាមផែនការដែលបានគ្រោងទុក ដើម្បីសម្រេចឱ្យបាននូវការតភ្ជាប់ពីផ្លូវទឹកក្នុងប្រទេសទៅផ្លូវសមុទ្ររួមជាមួយការគិតគូររៀបចំ និងអនុវត្តគម្រោងបូមស្តារផ្លូវនាវាចរណ៍ដែលបានកំណត់ជាគោលដៅបម្រើដល់ការដឹកជញ្ជូនតាមផ្លូវទឹក។ ក្រសួងក៏ត្រូវពិនិត្យផងដែរអំពីលទ្ធភាពជំរុញឱ្យមានការតភ្ជាប់រវាងផ្លូវនាវាចរណ៍ ជាមួយព្រែកជីកហ្វូណនតេជោ និងជំរុញប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ ឱ្យមានភាពប្រទាក់ក្រឡាជាមួយប្រព័ន្ធដឹកជញ្ជូនផ្លូវគោកនិងផ្លូវដែក ដើម្បីរួមចំណែកដល់ការកាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីកការលើកកម្ពស់ភាពប្រកួតប្រជែង ការធ្វើសមាហរណកម្មកម្ពុជាទាំងក្នុងតំបន់និងសកលលោក និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
*ទី៤៖ បន្តជំរុញអនុវត្តគម្រោងអភិវឌ្ឍន៍កំពង់ផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ហើយក៏ត្រូវគិតគូរលើការរៀបចំ និងបែងចែកតំបន់សម្រាប់អភិវឌ្ឍកំពង់ផែ ដើម្បីកំណត់ទិសដៅច្បាស់លាស់នៃការអភិវឌ្ឍ និងវិនិយោគគ្រប់ប្រភេទ លើកំពង់ផែឱ្យមានភាពសមស្របតាមលក្ខណៈបច្ចេកទេសរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៃប្រតិបត្តិការមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ មានភាពស៊ីចង្វាក់គ្នារវាងការអភិវឌ្ឍកំពង់ផែតាមតំបន់នីមួយៗដែលមានសក្តានុពលតភ្ជាប់ ជាមួយខ្សែច្រវាក់ដឹកជញ្ជូន ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
*ទី៥៖ ជំរុញបញ្ចប់នីតិវិធីនៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការដឹកជញ្ជូន តាមផ្លូវដែកដែលមានស្រាប់ និងបន្តគិតគូរលើការទាក់ទាញ និងកៀរគរវិនិយោគិនមកបណ្តាក់ទុនលើគម្រោងអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងធុនស្រាលក្នុងរាជធានីភ្នំពេញ និងតភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងគម្រោងវិនិយោគផ្សេងៗទៀត ដែលបានកំណត់នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ ដើម្បីរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។
*ទី៦៖ បន្តជំរុញការវិនិយោគលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅតាមទីក្រុង និងទីប្រជុំជនសំខាន់ៗ ឱ្យឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើននិងការវិវត្តយ៉ាងលឿននៃនគរូបនីយកម្ម និងកំណើនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការបង្ហូរ ចូលនូវទឹកកខ្វក់ និងកាកសំណល់ផ្សេងៗបញ្ចៀស និងគ្រប់គ្រងហានិភ័យនៃការជន់លិច និងលើកកម្ពស់អនាម័យបរិស្ថាននិង សុខុមាលភាពសាធារណៈ។ លើសពីនេះក្រសួងក៏ត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិការ និងថែទាំសមិទ្ធផលនៃវិស័យទឹកកខ្វក់ ដែលបានដាក់ឱ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈឱ្យមានគុណភាពសុវត្ថិភាព និងនិរន្តរភាពផងដែរ។
*ទី៧៖ ពង្រឹងយន្តការគ្រប់គ្រងសម្របសម្រួលតាមដាន និងត្រួតពិនិត្យលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែនទាំងប្រតិបត្តិការដឹក ជញ្ជូនទំនិញ និងអ្នកដំណើរដោយផ្តោតសំខាន់លើការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងវិស័យឯកជនដើម្បីជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធ និងតុល្យភាពរវាងបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម ដែលមានសក្តានុពលនិងមានកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើ ការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនទាំងក្នុងក្របខណ្ឌ ទ្វេភាគី ឬពហុភាគី។
*ទី៨៖ ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងគិតគូររិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ដោយផ្អែកលើការវាយតម្លៃលទ្ធផលជាក់ស្តែងនៃការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមឧត្តមានុវត្តន៍ជាអន្តរជាតិ នៃការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរមា។ ទន្ទឹមនឹងនេះក្រសួងក៏ត្រូវបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានជាអតិបរមា ដើម្បីធានានូវការថែទាំ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង។
*ទី៩៖ បន្តអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដោយផ្តោតលើមុខជំនាញវិជ្ជាជីវៈ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌មន្ត្រីរាជការក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តអនុវត្តការងារកែទម្រង់ រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័នសាធារណៈ និងការរៀបចំគោលនយោបាយផែនការមេ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ជាធរមាន និងបន្តរៀបចំច្បាប់ផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាព និងតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕























